ក្រុមសង្គមស៊ីវិលចាត់ទុកការគំរាមរបស់លោកហ៊ុន សែន ពាក់ព័ន្ធនឹងការមិនទៅបោះឆ្នោតជាទង្វើផ្ទុយពីច្បាប់ មន្រ្តីឃ្លាំមើលការបោះឆ្នោតជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស កាលពីថ្ងៃសុក្រ បានសរសេរនៅលើ គណនីហ្វេសប៊ុករបស់លោកថា ការអះអាងរបស់អាជ្ញាធរដែលថា នឹងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតក្រោយពេលបោះឆ្នោតរួច ដើម្បីបញ្ជាក់ពីចំនួនពលរដ្ឋបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោតនោះ ជារឿងភូតកុហក់ និងប្រាសចាកពីច្បាប់បោះឆ្នោតទាំងស្រុង។
មន្រ្តីឃ្លាំមើលការបោះឆ្នោតរូបនេះអះអាងថា បទបញ្ជា និង នីតិវិធីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ពីការរៀបចំទុកដាក់ឯកសារឬសន្លឹកឆ្នោតនៅក្នុងកញ្ចប់“ក”។
ក៏ប៉ុន្តែការបើកមើលហិបឆ្នោតវិញអាចធ្វើបានលុះត្រាតែក្នុងករណីមានបណ្តឹងណាមួយពីគណបក្សនយោបាយណាមួយជាមុនសិន ទើប គ.ជ.ប.អាចបើកកញ្ចប់នោះបាន។
ការអះអាងរបស់លោកកន សាវាង្សធ្វើឡើងក្រោយពីលោក នាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា បានគំរាមពលរដ្ឋណា ដែលបម្រុងប្រើទឹកខ្មៅជ្រលក់ម្រាមដៃ ដើម្បីគេចវេះមិនទៅបោះឆ្នោតថា ជាអំពើខុសច្បាប់ ហើយប្រឈមនឹងមានទោសជាប់ពន្ធនាគារ៕