38 C
Phnom Penh

សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិថៃបីនាក់ពីបទរត់ពន្ធគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិថៃបីនាក់ពីបទរត់ពន្ធគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រម្សិលមិញបានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនជនជាតិថៃបីនាក់ដែលរត់ពន្ធគ្រឿងញៀន ឆ្លងដែនចំនួន៦ពាន់គ្រាប់ចូលមកក្នុងប្រទេសកម្ពុជា។

ការចាប់ខ្លួននេះធ្វើឡើងនៅក្នុងយុទ្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យម្នាក់ជាស្ត្រីជនជាតិថៃ ឈ្មោះ ឈីរ៉ាត់ ឆៃស៊ែង អាយុ១៨ឆ្នាំ បានផ្ទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៦ពាន់ គ្រាប់។

បន្ទាប់មកក្រុមសមត្ថកិច្ចបានឆែកឆេរបន្ទប់ជួល នៅការស៊ីណូស្តាវេហ្គាស ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត គឺឈ្មោះលីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ។

រហូតមកទល់ពេលនេះ ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់បន្ថែមទៀត។

របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញឲ្យដឹងថា ការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុង២០១៧កន្លងទៅនេះគឺមានចំនួនជាង៨ពាន់ករណី ដែលចំនួននេះបានកើនឡើងជាង៩២% បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺដែលជាង៤ពាន់ករណីបុ៉ណ្ណោះ។

របាយការណ៍ដដែលបង្ហាញថា អាជ្ញាធរក៏បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនជិត២ម៉ឺននាក់ក្នុងនោះ មានស្រីជិត ២ពាន់នាក់ ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស