សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនបុរសជនជាតិប៊ែហ្សិកម្នាក់ពីបទរត់ពន្ធ គ្រឿងញៀនខុសច្បាប់ចូលកម្ពុជា បុរសជនជាតិប៊ែលហ្ស៊ិក(Belgium)អាយុ ៣៤ឆ្នាំម្នាក់កាលពីថ្ងៃច័ន្ទបានសារភាពចំពោះមុខសមត្ថកិច្ចទីក្រុងភ្នំពេញថា ខ្លួនបាននាំចូល គ្រឿងញៀនប្រភេទកូកាអ៊ីនជាង១គីឡូក្រាមមកក្នុងប្រទេស កម្ពុជា។
ជនសង្ស័យឈ្មោះលោកDavid Noel Catryបានសារភាពនៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញថា លោកពិតជាបាននាំចូលគ្រឿងញៀនមកកាន់ប្រទេសកម្ពុជាមែន។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយគយនិងអាជ្ញាធរអន្តោប្រវេសន៍ និងប៉ូលិសអន្តោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានចាប់ខ្លួនជនសង្ស័យឈ្មោះ David Noel Catryកាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះ។
ព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញលោក ម៉េង តូនី បានប្រាប់ក្រុម អ្នកសារព័ត៌មានថា ជនសង្ស័យត្រូវបានគេចាប់ខ្លួនបន្ទាប់ពីប៉ូលិស ពិនិត្យមើលវ៉ាលីរបស់គាត់ហើយបានរកឃើញគ្រឿងញៀនទម្ងន់ជាង ១គីឡូក្រាមរុំនឹងថង់បា្លស្ទិកដែលលាក់នៅបាតនៃវ៉ាលីរបស់ជនសង្ស័យ។
ជនសង្ស័យរូបនេះបានសារភាពថាគាត់ត្រូវបានបុរសជនជាតិប្រេស៊ីលម្នាក់ឈ្មោះTang Guiseឲ្យលុយចំនួន៣ម៉ឺនដុល្លារ ដើម្បីនាំយកថ្នាំញៀនទាំងនេះមកប្រគល់ឲ្យបុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណនៅក្នុងប្រទេសកម្ពុជា៕