ពលរដ្ឋខ្មែរក្នុងប្រទេសបារាំងគ្រោងធ្វើបាតុកម្មមុខស្ថានទូតជប៉ុន ដើម្បីឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតនៅកម្ពុជា ពលរដ្ឋខ្មែរមកពីតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបនឹងនាំគ្នាធ្វើមហាបាតុកម្មដ៏ធំមួយនៅមុខស្ថានទូតជប៉ុន ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងគោលបំណងទាមទារឲ្យ រាជរដ្ឋាភិបាលជប៉ុនបញ្ឈប់រាល់ជំនួយហិរញ្ញវត្ថុទាំងអស់ដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។
លោកថៃ មករា ដែលជាមេដឹកនាំធ្វើមហាបាតុកម្មនេះបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមឲ្យបានច្រើនកុះករ និងជួយចុះហត្ថលេខាឲ្យបានច្រើនលើញ្ញត្តិ ដាក់ទៅរដ្ឋាភិបាលទីក្រុងតូក្យូ ឲ្យបញ្ឈប់ការគាំទ្ររបស់ខ្លួនទៅលើ ដំណើរការបោះឆ្នោតនៅកម្ពុជាស្របពេលដែលរបបក្រុងភ្នំពេញកំពុងបោះពួយទៅរកការបោះឆ្នោតមួយដែលគ្មានវត្តមានរបស់គណបក្ស សង្គ្រោះជាតិ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ពលរដ្ឋខ្មែររាប់រយនាក់មកពីតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានបេសកកម្មអចិន្ត្រៃរបស់ជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិក្នុងបុរីNew York ដើម្បីទាមទារឲ្យរដ្ឋាភិបាលទីក្រុងតូក្យូដកខ្លួនចេញពីការគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយ និងជាការបោះឆ្នោតបែបបំភ័នភ្នែកមហាជននោះ។
ក្រុមបាតុករបានស្រែកព្រមានថា ប្រសិនបើរដ្ឋាភិបាលជប៉ុនមិនប្រញ៉ាប់ដោះស្រាយបញ្ហានេះទេ នោះពួកគេនឹងលើកគា្នទៅធ្វើបាតុកម្មនៅខាងមុខស្ថានទូតជប៉ុនក្នុងរដ្ឋធានី Washington ថែមទៀត៕