ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅថៃ ក្នុងខេត្តកោះកុងត្រូវសមត្ថកិច្ចរារាំងមិនឲ្យឡើងមកតវ៉ានៅភ្នំពេញ ក្រុមអ្នកស្រុកដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅថៃ ក្នុងខេត្តកោះកុងជាង៣រយនាក់ កាលពីម្សិលមិញនេះ បានប្រឆាំងការរារាំងរបស់សមត្ថកិច្ចដែលមិនឲ្យពួកគាត់ឡើងមកតវ៉ានៅមុខក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់។
គេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញផ្សាយកាលពីថ្ងៃច័ន្ទថា អាជ្ញាធរបានព្យាយាមរារាំងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ដែលកំពុងធ្វើដំណើរពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញ ដើម្បីទាមទារសំណងអំពីការបាត់បង់ដីធ្លីជាច្រើនឆ្នាំមកហើយនោះ។
ក្រុមប្រជាពលរដ្ឋបានសំរេចចិត្តនាំគ្នាដើរដោយថ្មើរជើងមកកាន់ទីក្រុងភ្នំពេញ ដែលមានចម្ងាយជាង១៥០គីឡូម៉ែត្រ ពីស្រុកសែ្រអំបិលដោយសារសមត្ថកិច្ចបានឃាត់រថយន្តធ្វើដំណើររបស់ពួកគេ។
នៅតាមផ្លូវ ពួកគាត់ត្រូវបានអាជ្ញាធររារាំងជាច្រើនលើកច្រើនសារបង្ខំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។
អង្គការលីកាដូបានឲ្យដឹងទៀតថា អស់រយៈពេលច្រើនឆ្នាំមកហើយ ពលរដ្ឋឃុំជីខលើ ឃុំជីខក្រោម ឃុំដងពែង និងឃុំកណ្ដោល បានដាក់ញាត្តិជូនទៅអាជ្ញាធរខេត្តនិងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងសំណងសមរម្យ សម្រាប់ការបាត់បង់ដីធ្លី ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួនពីរ ពាក់ព័ន្ធនឹងក្រុមហ៊ុនស្ករអំពៅថៃ(KSL) ដែលក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធជាមួយសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច គឺលោកឧកញ៉ា លី យ៉ុងផាត់។
ប៉ុន្តែរហូតមកទល់ពេលនេះ ពួកគេនៅមិនទាន់ទទួលបានសំណងសមរម្យនៅឡើយទេ៕