ក្រុមគ្រូពេទ្យអាមេរិកាំង២០នាក់ចុះព្យាបាលជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃនៅស្រុកខ្សាច់កណ្តាល ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកចំនួន២០នាក់ កាលពីថ្ងៃច័ន្ទបានចុះទៅព្យាបាលជំងឺកុមារ និងស្ត្រីមានផ្ទៃពោះដោយគិតថ្លៃនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រុមគ្រូពេទ្យបាននាំមកនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើបថ្មីៗបន្ថែមទៀត ដើម្បីធ្វើការបង្ហាត់បង្ហាញ និងបង្រៀនបុគ្គលិកពេទ្យបង្អែក នៅទីនោះ ជាពិសេសជំនាញពេទ្យឆ្មប ដើម្បីឲ្យពួកគេបានទទួលនូវចំណេះដឹងបន្ថែមទៀតអំពីការមើលថែទាំសុខភាពមាតា និងទារក ទាំងមុន និងក្រោយពេលសម្រាល។
ក្រុមគ្រូពេទ្យអាមេរិកាំងទាំង២០នាក់នោះដឹកនាំដោយលោកស្រី ជូលី រ៉ូដេស(Julie Rhodes)មកពីសាកលវិទ្យាល័យ វែបប៊ើ ស្តេត (Weber State University) ក្នុងរដ្ឋ យូតា (Utah) សហរដ្ឋអាមេរិក។
លោកហ៊ាន សាហ៊ីប ដែលជាអ្នកសម្របសម្រួលឲ្យមានការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកដោយឥតគិតថ្លៃនេះ បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំពោះសកម្មភាពមនុស្សធម៌ដែលបានផ្តល់សេវាសុខភាពសាធារណៈជូនពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ៕