ក្រុមអ្នកសារព័ត៌មានអន្តរជាតិទាមទារឱ្យ គ.ជ.ប.បញ្ឈប់ការរឹតត្បិត អ្នកកាសែត គណៈកម្មាធិការដើម្បីកិច្ចការពារអ្នកសារព័ត៌មាន (CPJ) ចាត់ទុកការកំហិតក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថា ជាការធ្វើឱ្យបាត់ទំនុកចិត្តទៅលើភាពសេរី និងយុត្តិធម៌នៃការបោះឆ្នោត នៅខែកក្កដាខាងមុខ។
អង្គការការពារអ្នកសារព័ត៌មាន ដែលមានមូលដ្ឋានក្នុងសហរដ្ឋ អាមេរិកបានទាមទារឱ្យអាជ្ញាធរនៃរបបក្រុងភ្នំពេញអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយអាចរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតនាពេលខាងមុខដោយសេរី ដោយមិនបារម្ភពីការបំពារបំពានណាមួយឡើយ។
កាលពីពេលថ្មីៗនេះ គ.ជ.ប.បានដាក់ចេញនូវបម្រាមមួយចំនួនសម្រាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ។
សេចក្តីបំរាមរបស់គ.ជ.ប. រួមមានការហាមមិនឱ្យបណ្តាញសារព័ត៌មានផ្សព្វផ្សាយព័ត៌មានដោយសំអាងលើពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានភស្តុតាងបញ្ជាក់ ហាមមិនឱ្យប្រើប្រាស់ភាសាញុះញង់ ឬវាយប្រហារ ហាមមិនឱ្យមានការបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ហាមមិនឱ្យមានការបញ្ចេញបញ្ចូលទស្សនៈផ្ទាល់ខ្លួន ហាមមិនឱ្យមានការជ្រៀតជ្រែក ឬរំខានដល់ការងារចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហាមមិនឱ្យមានការផ្សព្វផ្សាយមិនឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត និងហាមមិនឱ្យមានការសម្ភាសនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតជាដើម។
គណៈកម្មាធិការដើម្បីកិច្ចការពារអ្នកសារព័ត៌មាន(CPJ) អះអាងថា អ្នកសារព័ត៌មានគ្រប់រូបគួរតែត្រូវបានអនុញ្ញាតឱ្យរាយការណ៍ព័ត៌មាន និងបញ្ចេញយោបល់បានដោយសេរីអំពីការបោះឆ្នោត ដោយគ្មានការភ័យខ្លាចអ្វីឡើយ ហើយថា ក្រមសីលធម៌ដែលគ្មានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនេះ គួរតែត្រូវបានទម្លាក់ចោល៕