សកម្មជនការពារសិទ្ធិមនុស្ស២រូបចូលបំភ្លឺក្នុងនាមសាក្សីពាក់ព័ន្ធសំណុំរឿងលោកកឹម សុខា នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព និងអតីតប្រធានសមាគមធាងត្នោត លោកមាស គឹមសេង កាលពីម្សិលមិញបានចូលខ្លួនឆ្លើយបំភ្លឺជាសាក្សីតាមការកោះហៅរបស់ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលា ដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងសន្និដ្ឋិភាពរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកស្រីចក់ សុភាពបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយសវនាការថា លោកស្រីចង់ឃើញនីតិវិធីរបស់តុលាការមួយនេះធ្វើ ដោយឯករាជ្យ ស្របទៅតាមច្បាប់ និងស្តង់ដារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
ជាងនេះទៅទៀត លោកស្រីជំរុញឲ្យមានការធានាដល់សិទ្ធិអ្នកពាក់ព័ន្ធ សាក្សី និងជនជាប់ចោទឲ្យទទួលបាននូវការជំនុំជម្រះដោយយុត្ដិធម៌។
លោកស្រីបញ្ជាក់ថា នៅក្នុងសវនាការ ចៅក្រមបានសាកសួរលោកស្រីច្រើនពាក់ព័ន្ធនឹងលោក កឹម សុខា ពេលដែលលោកធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
រហូតមកទល់ពេលនេះមានមនុស្សមួយចំនួនទៀតរួមមានលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក សៀ ភារម្យ អតីតប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក ហេង ពិសិដ្ឋ សកម្មជនសង្គម និងសកម្ម ជនសង្គ្រោះជាតិ៣នាក់ទៀតរួមមានលោក កែវ រតនា លោក ខឿន វីរ៉ាត់និងលោក គ្រី សុង ដែលនៅមិនទាន់ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿង លោក កឹម សុខា នេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបស់លោក ហ៊ុន សែន សម្រុកចូលខ្លួនដល់ក្នុងផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ ក្នុងបំណងផ្តួលរំលំរបបដឹកនាំរបស់លោក ហ៊ុន សែន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
ក្រុមសិទ្ធិមនុស្សបានហៅការឃុំខ្លួនលោកកឹម សុខាថា ជារឿងអយុត្តិធម៌ និងជាការប្រឌិតដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ក្រោយពីគណបក្សប្រឆាំងមួយនេះបានទទួលសម្លេងគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ឃុំ សង្កាត់ កាលពីខែមិថុនាឆ្នាំ២០១៧កន្លងទៅ៕