រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រដ្ឋសភាជាតិកម្ពុជា កាលពីថ្ងៃទី៧ មិថុនា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
សេចក្តីព្រាងច្បាប់នេះមាន៦ជំពូក ចែកចេញជា៣០មាត្រា ដែលមានបំណងលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតផលរបស់កម្មករនិយោជិត ព្រមទាំងជំរុញឱ្យមានបរិយាកាស វិនិយោគកាន់តែប្រសើរថែមទៀត។
រដ្ឋសភាជាតិក៏បានអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មនៃច្បាប់ស្តីពីការងារត្រង់មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៥ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងការពារផលប្រយោជន៍របស់កម្មករ ដែលតម្រូវឲ្យថៅកែរោងចក្រ បើកប្រាក់អតីតភាពការងារជូនកម្មករ៦ខែម្ដង ដើម្បីចៀសវាងបញ្ហាថៅកែរត់ចោលរោងចក្រ និងគេចពីការទទួលខុសត្រូវលើប្រាក់អតីតភាពរបស់កម្មករ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពអះអាងថា សេចក្តីព្រាងច្បាប់ទាំងពីរនេះការពារផលប្រយោជន៍របស់ថៅកែជាជាងការពារផលប្រយោជន៍កម្មករ ព្រមទាំងរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់សហជីពផងដែរ។
កាលពីពេលថ្មីៗរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចផ្ដល់ប្រាក់បុរេប្រទានសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនដល់កម្មករដែលថៅកែរត់ចោលនៅក្នុងរោងចក្រចំនួន៩។
ប៉ុន្តែក្រុមសហជីពអះអាងថា រោងដែលថៅកែរត់ចោលមានលើសពីនេះទៅទៀត៕