តំណាងរាស្រ្តសហព័ន្ធអាមេរិកព្រមានថា ការបោះឆ្នោតដែលគ្មានគណបក្សសង្គ្រោះជាតិជាការបោះឆ្នោតបែបផ្តាច់ការ តំណាងរាស្រ្តសហព័ន្ធអាមេរិកខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋPennsylvania លោកRobert Bradyកាលពីថ្ងៃទី៧ ខែមិថុនា ព្រមានថាលោកមិនអាចទទួលយក បានទេចំពោះការបោះឆ្នោតនៅកម្ពុជាដែលនឹងធ្វើឡើងដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួម។
វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីលោកRobert Bradyចុះផ្សាយកាលពីថ្ងៃទី៨ ខែមិថុនាថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខគ្រាន់តែជាការបោះឆ្នោតបែបលេងសើចប៉ុណ្ណោះ។
ការអះអាងរបស់លោកRobert Brady ធ្វើឡើងបន្ទាប់ពីលោកបានសម្រេចគាំទ្រសេចក្តីព្រាង ច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ លេខH.R. 5754 ដើម្បីដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដែលគ្រោងអនុម័ត នៅក្នុងសភាពេញអង្គនៅពេលដ៏ឆាប់ខាងមុខនេះ។
លោកបន្តថា ច្បាប់ដាក់ទណ្ឌកម្មនេះគឺជាការផ្ញើរសារមួយទៅកាន់របបលោកហ៊ុន សែនថា ត្រូវតែអនុវត្តដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកបន្តថា ការដាក់ទណ្ឌកម្មឲ្យកាន់តែធ្ងន់ដល់របបលោក ហ៊ុន សែននឹងអាចនាំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីពាក់កណ្តាលខែឧសភា កន្លងទៅនេះ គណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភាសហព័ន្ធរបស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យលេខ H.R.5754 ដើម្បីដាក់ទណ្ឌកម្ម លើរបបលោកហ៊ុន សែន។
ទណ្ឌកម្មទាំងនោះរួមមានការរឹតត្បិត ការចល័តសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុរបស់អាមេរិក ការបង្កកទ្រព្យ សម្បត្តិ និងការបិទទិដ្ឋាការមន្រ្តីយោធាសំខាន់ៗ មន្រ្តីកងកំលាំង សន្តិសុខ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនៃរបបក្រុងភ្នំពេញ៕