លោកញ៉ឺក ប៊ុនឆៃបានមកដឹកនាំគណបក្សខ្មែររួបរួមជាតិវិញហើយ ក្រោយពីលោកហ៊ុន សែនដោះលែងពីពន្ធនាគារ គណបក្សខ្មែររួបរួមជាតិបានធ្វើសមាជរបស់ខ្លួនកាលពីថ្ងៃទី៩ ខែមិថុនា ម្សិលមិញ ហើយបានសម្រេចឲ្យលោកញ៉ឹក ប៊ុនឆៃ ធ្វើជាប្រធានដឹកនាំគណបក្សនេះឡើងវិញ ក្រោយពេលលោកត្រូវបានតុលាការដោះលែងកាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ។
លោកញ៉ឹក ប៊ុនឆៃត្រូវបានសមត្ថកិច្ចនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ពីបទពាក់ព័ន្ធនឹងករណីផលិតគ្រឿងញៀន កាលពី១០ឆ្នាំមុន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រុមអ្នករិះគន់និយាយថា គណបក្សកាន់អំណាចជាអ្នកដោះលែង លោក ញ៉ឺក ប៊ុនឆៃ ដើម្បីឲ្យលោកធ្វើជាកូនអុករបស់លោក ហ៊ុន សែនក្នុងការចូលរួមប្រកួតប្រជែងការបោះឆោ្នតនៅពេលខាងមុខ សំរាប់លំអសួនប្រជាធិបតេយ្យក្លែងក្លាយដែលគណបក្សនេះកំពុងរចនាឡើងដើម្បីបោកប្រាស់ភ្នែកពលរដ្ឋនិងសហគមន៍អន្តរជាតិប៉ុណ្ណោះ។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការរចនាប្រជាធិបតេយ្យរបស់ លោកហ៊ុន សែនក្នុងព្យាយាមបង្កើតគណបក្សនយោបាយចំនួន១៩ ផ្សេងទៀតឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ យ៉ាងណាក៏ដោយ ក៏ប្រទេសមហាអំណាចលោកសេរីមួយចំនួន បានចាត់ទុកថា ដំណើរការបោះឆ្នោតនោះនឹងគ្មានន័យខ្លឹមសារអ្វីទាំងអស់ ដោយសារអវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមួយមានកំលាំងប្រហាក់ប្រហែលគ្នាទៅនឹងគណបក្សប្រជាជនកម្ពុជាហើយដែលត្រូវបានលោកហ៊ុន សែនរាំងខ្ទប់នោះ៕