សមាជិកសភាអាស៊ានបារម្ភពីការកើនឡើងនៃការគំរាមកំហែងដល់ អ្នកដែលមិនទៅបោះឆ្នោត ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃការបំភិតបំភ័យ និងគំរាមកំហែងដល់អ្នកមិនចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៩ កក្កដាខាងមុខ។
ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាតំណាង រាស្ត្ររបស់ម៉ាឡេស៊ី លោកCharles Santiago បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពី ថ្ងៃទី១២ ខែមិថុនាថា វិធានការរបស់របបលោក ហ៊ុន សែន ដែលកំពុងគំរាមកំហែងពលរដ្ឋឲ្យទៅបោះឆ្នោតនោះនឹងកាន់តែធ្វើឲ្យការបោះឆ្នោតនាពេលខាងមុខមិនអាចឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ ពលរដ្ឋទូទៅនោះឡើយ។
លោកបន្តថា បរិយាកាសនយោបាយ ដែលពោរពេញដោយកលល្បិចដូច្នេះនឹងធ្វើឲ្យការបោះឆ្នោតរឹតតែប្រពឹត្តទៅ ដោយគ្មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ។
ចំណែកលោកTom Villarin តំណាងរាស្ត្រហ្វីលីពីន និងជាសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សក៏បានជំរុញឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយក្នុងពិភពលោក ត្រូវពិចារណាម្តងហើយម្តងទៀត មុននឹងសម្រេចចិត្តបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា បើមិនដូច្នោះទេ ពួកគេនឹងមានវិប្បដិសារីយ៍ ទៅថ្ងៃមុខចំពោះការគាំទ្រដល់ដំណើរការបោះឆ្នោតមួយដែលធ្វើឡើងមិនស្របតាមបទដ្ឋានប្រជាធិបតេយ្យនោះ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមបោះឆ្នោតឡើងវិញបាន ហើយដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ផងដែរ៕