30.1 C
Phnom Penh

អង្គការខ្មែរ-អាមេរិកាំងសាទរចំពោះការដាក់ទណ្ឌកម្មលើមេអង្គរក្ស របស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការខ្មែរ-អាមេរិកាំងសាទរចំពោះការដាក់ទណ្ឌកម្មលើមេអង្គរក្ស របស់លោក ហ៊ុន សែន អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែលមានមូលដ្ឋានក្នុងរដ្ឋNorth Carolinaគាំទ្រដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន ដោយសារសង្ស័យថា បានបញ្ជាឲ្យបោកគ្រាប់បែកមុខរដ្ឋសភា កាលពីឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ ការវាយដំលើតំណាងរាស្រ្តពីររូបរបស់គណបក្សប្រឆាំងក្បែរអគារដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដែលបណ្តាលឲ្យរបួសធ្ងន់ធ្ងរ និងករណីរំលោភសិទ្ធិមនុស្សជាច្រើនទៀត។

អង្គការមួយនេះក៏បានថ្លែងអំណរគុណដល់សមាជិកព្រឹទ្ធសភា លោក John McCainដែលខ្នះខ្នែងជំរុញឲ្យច្បាប់Global Magnitskyអនុម័តដោយសភាពេញអង្គកាលពីខែឆ្នូ ឆ្នាំ២០១៦ ហើយប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ាបានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ។

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រើច្បាប់Global Magnitskyនេះដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើលោក ហ៊ីង ប៊ុនហៀង ហើយហាមដល់ពលរដ្ឋអាមេរិកាំងមិនឲ្យទាក់ទងជាមួយបុគ្គលមួយនេះឡើយ។

អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង អះអាងថា ខ្លួនជាអ្នកចូលរួមជាមួយអង្គការមូលនិធីកេរ្តិ៍ដំណែលអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស\Human Rights Watch មន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភា លោកJohn McCainដើម្បីជំរុញឲ្យមានការអនុម័តច្បាប់Global Magnitskyនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស