33 C
Phnom Penh

កម្ពុជាជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការ​សហ ប្រជាជាតិ​​ប្រចាំ​ឆ្នាំ​២០១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការ​សហ ប្រជាជាតិ​​ប្រចាំ​ឆ្នាំ​២០១៩ កម្ពុជាត្រូវបានបោះឆ្នោតឲ្យជាប់ជាសមាជិករបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិប្រចាំឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែមិថុនាឲ្យដឹងថា កម្ពុជាត្រូវបានគាំទ្រ ដោយសំឡេងចំនួន១៨៣លើ១៨៨ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាតក្នុងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

ក្រសួងការបរទេសកម្ពុជាប្រកាសថា កម្ពុជាក៏ត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែមិថុនា ឲ្យធ្វើជាអនុប្រធាននៃសម័យប្រជុំលើទី៧៣ របស់មហាសន្និបាតនៃអង្គការសហប្រជាជាតិសម្រាប់អណត្តិរយៈពេល១ឆ្នាំ រួមជាមួយប្រទេសចំនួន១៥ផ្សេងទៀត និងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំចូលរួមពិភាក្សានិងផ្តល់យោបល់លើ ការជំរុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ការបង្កើតការងារឲ្យបានពេញលេញ និងជំរុញលក្ខខណ្ឌនៃការរីកចំរើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍ។

ជាងនេះទៅទៀត កម្ពុជាប្តេជ្ញាថា នឹងចូលរួមជំរុញការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានបន្តថ្កោលទោសកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈ ការឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិមិនឲ្យចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ និងការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស