តំណាងរាស្រ្តអាមេរិកមួយចំនួនជំរុញឲ្យមន្រ្តីការទូតជាន់ខ្ពស់របស់ ខ្លួនស្វែងរកការដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ក្រុមតំណាងរាស្ត្រអាមេរិកាំងមួយចំនួនជំរុញឱ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បន្តការតស៊ូមតិ ឱ្យមានការដោះលែងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូបគឺលោកអ៊ួន ឈិននិងលោកយាង សុធារិន។
លោកអ៊ួន ឈិន និងលោកយាង សុធារិនត្រូវបានសមត្ថកិច្ច នៃរបបរបស់លោក ហ៊ុន សែនចាប់ខ្លួន កាលពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ ២០១៧ ហើយបន្ទាប់មកតុលាការក្រុងភ្នំពេញបានចោទប្រកាន់អ្នកទាំងពីរពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ។
នៅក្នុងលិខិតរបស់ក្រុមតំណាងរាស្ត្រអាមេរិកាំងដែលចុះហត្ថលេខារួមគ្នាដោយលោកAlan Lowenthal លោក Steve Chabot លោកស្រីNiki Tsongas និងតំណាងរាស្ត្រចំនួន៤រូបផ្សេងទៀត ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែមិថុនា បង្ហាញថា ក្រុមតំណាងរាស្រ្តអាមេរិកាំងចំនួន៧រូបបានសម្តែងក្តីបារម្ភចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន បានបន្តដាក់សម្ពាធ និងចាប់ខ្លួនអ្នកនយោបាយគណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យជាច្រើន ដែលកំពុងធ្វើឱ្យបរិយាកាសនយោបាយ សង្គមនិងសិទ្ធិមនុស្ស ដើរថយក្រោយជាខ្លាំង។
ក្រុមតំណាងរាស្ត្រទាំងនេះបានសម្តែងក្តីបារម្ភអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានិងការចាប់ខ្លួនអតីតអ្នករាយការណ៍ព័ត៌មានពីររូប ដោយគ្រាន់តែពួកគេធ្លាប់ធ្វើជាបុគ្គលិករបស់វិទ្យុមួយនេះប៉ុណ្ណោះ ក្រោយពីការិយាល័យវិទ្យុរបស់ពួកគេត្រូវបានបង្ខំចិត្តបិទទ្វារ ដោយសាររងនូវការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរតាមរយៈការដាក់សម្ពាធផ្នែកពន្ធដារ៕