34 C
Phnom Penh

មេអង្គរក្សរបស់លោកហ៊ុន សែន៖ លោកគ្មានលុយលាក់ ទុកនៅធនាគារប្រទេសសិង្ហបូរីដូចការចោទប្រកាន់នោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេអង្គរក្សរបស់លោកហ៊ុន សែន៖ លោកគ្មានលុយលាក់ ទុកនៅធនាគារប្រទេសសិង្ហបូរីដូចការចោទប្រកាន់នោះឡើយ បញ្ជាការដ្ឋានកងអង្គរក្សផ្ទាល់របស់លោកហ៊ុន សែនបានបដិសេធថា លោកហ៊ីង ប៊ុនហៀងគ្មានទ្រព្យសម្បតិ្តដែលលាក់ទុកនៅធនាគារ ក្នុងប្រទេសសិង្ហបូរី ហើយក៏គ្មានកងអង្គរក្ស និងអ្នកបំរើខ្វែងខា្វត់ ដូចការចោទប្រកាន់របស់លោកBrad Adams ដែលជានាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchនោះឡើយ។

ប្រតិកម្មរបស់បញ្ជាការដ្ឋានកងអង្គរក្សដែលដឹកនាំដោយលោកហ៊ីង ប៊ុនហៀង ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះ ធ្វើឡើងក្រោយពីវិទ្យុអាស៊ីសេរីបានដកស្រង់សម្តីលោកBrad Adamsចុះផ្សាយថា លោកហ៊ីង ប៊ុនហៀង មានលុយលាក់ទុកនៅធនាគាររបស់ប្រទេសសិង្ហបូរី ហើយមេអង្គរក្សរូបនេះមានផ្ទះវីឡាដ៏ធំស្គឹមស្កៃថែមទៀត។

សេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានអង្គរក្សដែលចេញកាលពីថ្ងៃទី ១៥ ខែមិថុនាបានចោទលោក Brad Adams និងវិទ្យុអាស៊ីសេរី ថា តែងតែជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋាភិបាលលោកហ៊ុន សែនដើម្បីប្រជាប្រិយភាពរបស់ខ្លួនប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍នេះ ក៏បានបដិសេធដែរថា លោកហ៊ីង ប៊ុនហៀងមិនបានរកស៊ីលាងលុយ កខ្វក់ កាងបនល្បែងស៊ីសង និងកាងក្រុមហ៊ុនរ៉ុករករ៉ែមាសដូចការចោទប្រកាន់នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលបញ្ហាបរិស្ថាន ដូចជា លោកAlejandro Gonzalez Davidson កន្លងមកធ្លាប់អះអាងថា លោកហ៊ីង ប៊ុនហៀង និងប្អូនស្រីបង្កើតរបស់លោកហ៊ុន សែនជាអ្នកកាងពីក្រោយក្រុមហ៊ុនចិនដែលកំពុងរ៉ុករករ៉ែ និងធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស