តុលាការកម្ពុជាបានលើកពេលសវនាការរឿងក្តីរបស់អ្នកកាសែតអូស្រ្តាលីម្នាក់ពីបទចារកម្ម តុលាការក្រុងភ្នំពេញកាលថៃ្ងសុក្រ បានលើពេលសវនាការរឿងក្តី អ្នកថតវីដេអូជនជាតិអូស្រ្តាលី លោកJames Ricketsonដោយគ្មានការកំណត់ដោយសារគ្មានវត្តមានមេធាវីការពារក្តីឲ្យលោកក្នុងថ្ងៃសវនាការ កាលពីថ្ងៃទី១៥ ខែមិថុនា។
លោកJames Ricketsonត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៧។
លោកត្រូវបានចោទប្រកាន់ពីបទ ស៊ើបការណ៍សំងាត់ឲ្យបរទេស ដែលអាចនាំឲ្យអន្តរាយ ដល់ការការពារជាតិ។
ការឃាត់ខ្លួននេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានបង្ហោះដ្រូន ថតក្បួនហែ របស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃឃោសនាចុងក្រោយនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧។
ប្រសិនបើតុលាការរកឃើញកំហុសមែននោះ លោកអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
កូនប្រុសរបស់លោកឈ្មោះ Jesse Ricketson ធ្លាប់និយាយថា ស្ថានភាពជំងឺរបស់ឪពុកលោកកាន់តែធ្លាក់ចុះដុនដាប់ខ្លាំង ក្នុងរដូវក្តៅនេះ ហើយបើគ្មានការព្យាបាល និង ថែទាំត្រឹមត្រូវទេ នោះជំងឺរបស់គាត់កាន់តែធ្ងន់ជាងនេះ៕