៥៦ឆ្នាំ ក្រោយតុលាការយុត្តិធម៌អន្តរជាតិកាត់ឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ កងទ័ពថៃនៅឈរជើងលើទឹកដីខ្មែរដដែល ក្រុមអ្នកឃ្លាំមើលនិយាយថា ក្នុងរយៈពេល៥៦ឆ្នាំមកនេះ កងទ័ពរបស់ភាគីថៃ នៅមិនទាន់បានអនុវត្តទាំងស្រុងនូវសាលដីការតុលាការយុត្តិធម៌អន្ដរជាតិនៅឡើយទេ ហើយកម្ពុជាក៏នៅតែពុំអាចចាប់បង្ខំភាគីថៃឲ្យដកយោធាចេញពីតំបន់ជម្លោះជាស្ថាពរដែរ ដោយសារទំនាក់ទំនងនៃប្រទេសទាំងពីរស្ថិតក្នុងភាពអាថ៍កំបាំងជាខ្លាំង។
ទោះបីជាថ្ងៃទី១៥ ខែមិថុនា ម្សិលមិញជាខួបលើកទី៥៦ឆ្នាំ ដែលកម្ពុជាបានឈ្នះក្ដីលើភាគីថៃពាក់ព័ន្ធនឹងសំណុំរឿងប្រាសាទព្រះវិហារ តាមសាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិក៏ដោយប៉ុន្តែរដ្ឋាភិបាលហាក់ព្រងើយកន្តើយទៅលើខួបនៃជ័យជំនះនេះទៅវិញ។
ជម្លោះករណីប្រាសាទព្រះវិហាររវាងកម្ពុជា និងភាគីថៃបានកើតឡើង មិនចេះចប់ខណៈប្រទេសថៃចិញ្ចឹមចិត្តចង់បានប្រាសាទបូរាណមួយនេះយកគ្រប់គ្រង។
ក្រោយពេលអង្គការយូណេស្កូ (NESCO)បានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ នោះមក ជម្លោះប្រាសាទព្រះវិហារបានផ្ទុះឡើងសារជាថ្មីដោយសារកងទ័ពថៃបានចូលឈ្លានពានទឹកដីកម្ពុជា។
ការប្រឈមមុខដាក់គ្នាផ្នែក សព្វាវុធនៅពេលនោះបានបណ្ដាលឲ្យកងទ័ពនៃប្រទេសទាំងពីរស្លាប់ និងរបួស។
នៅខែមេសា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិមួយនេះ បានបង្គាប់ឲ្យភាគីថៃដកកងទ័ពរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារឲ្យអស់ម្តងទៀត ប៉ុន្ដែរហូតមកទល់ពេលនេះ កងទ័ពថៃនៅតែមានវត្តមានក្នុងតំបន់ប្រាសាទព្រះវិហារក្នុងទឹកដីខ្មែរដដែល៕