ពលរដ្ឋខ្មែរនៅអាមេរិក និងនៅជប៉ុនសុទ្ធតែធ្វើបាតុកម្មទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ពលរដ្ឋខ្មែរជាង៥រយនាក់កាលពីថ្ងៃសៅរ៍ទី១៦ខែមិថុនា បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានអចិន្រ្តៃរបស់ប្រទេសជប៉ុនមកកាន់អង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក(New York)ដើម្បីទាមទារឲ្យ រដ្ឋាភិបាលជប៉ុនបញ្ឈប់ការគាំទ្ររបស់ខ្លួនដល់ដំណើរការបោះឆ្នោត នៅកម្ពុជាដែលពួកគេចាត់ទុកថាជាការបោះឆ្នោតបែបក្លែងក្លាយ និងបោកប្រាស់នោះ។
ជាងនេះទៅទៀតពួកគេក៏ទាមទារឲ្យ ប្រទេសជប៉ុនដកខ្លួនឲ្យឆ្ងាយពី ការជួយជ្រោមជ្រែងដល់ដំណើរការបោះឆ្នោតដ៏អាម៉ាសមួយនេះ ប្រសិនបើជប៉ុនមិនចង់បាក់មុខក្នុងឆាកអន្តរជាតិទេនោះ។
ចំណែកនៅប្រទេសជប៉ុនឯណោះវិញ ពលរដ្ឋខ្មែររាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មនៅក្នុងសួនហ៊ីប៊ីយ៉ាកណ្តាល ទីក្រុងតូក្យូ(Tokyo)ក្បែរក្រសួងការបរទេសជប៉ុន។
គោលបំណងនៃ ការធ្វើបាតុកម្មនេះគឺទាមទារឲ្យជប៉ុនបញ្ឈប់ការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា។
កុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ។
កុំទទួលស្គាល់លទ្ធផលពីការបោះឆ្នោតនេះ និង ទាមទារឲ្យជប៉ុនបិទទិដ្ឋាការដល់មន្រ្តីពុករលួយ និងមន្រ្តីរំលោភសិទ្ធិមនុស្សរបស់កម្ពុជាកុំឲ្យចូលក្នុងប្រទេសជប៉ុន៕