សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញេ៉ប ប៊ុនជិន បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមិថុនាថា សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃ។
ជាងនេះទៅទៀត មន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ បានទាមទារឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរនេះ ឲ្យបានស៊ីជម្រៅដើម្បីរកយុត្តិធម៌ដល់សម្ដេចក្រុមព្រះនិងភរិយារបស់ព្រះអង្គគឺអ្នកម្នាង អ៊ុក ផល្លា ដែលបានទទួលអនិច្ចកម្មនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ។
រហូតមកទល់ពេលនេះ គណៈកម្មការបុណ្យសព កំពុងរៀបកន្លែងធ្វើពិធីបូជាសពរបស់អ្នកម្នាង អ៊ុក ផល្លា នៅវត្តបទុមវតី។
ហើយពិធីបូជា សព្វនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធទី២០ ខែមិថុនាខាងមុខនេះ។
អ្នកម្នាង អ៊ុក ផល្លាទទួលអនិច្ចកម្ម នៅម៉ោង១២ថ្ងៃត្រង់ ក្រោយពីគ្រោះថ្នាក់ចរាចរនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
នេះជាលើកទី២ហើយដែលព្រះអង្គម្ចាស់នរោត្តមរណឫទិ្ធបានជួបគ្រោះថា្នក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥កន្លងទៅ រថយន្តរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លាធ្លាប់ជួបគ្រោះថ្នាក់ចរាចរ បុកជាមួយរថយន្តដឹកដី នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបណ្ដាលឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់ និងស្រាល រួមទាំងអ្នកម្នាង អ៊ុក ផល្លា ផងដែរ៕