25 C
Phnom Penh

នាយករដ្ឋមន្រ្តី និងអង្គការសង្គមស៊ីវិលជូនពរថ្ងៃចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្រ្តី និងអង្គការសង្គមស៊ីវិលជូនពរថ្ងៃចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតថ្វាយព្រះពរក្នុងឱកាសបុណ្យចំរើនព្រះជន្ម៨២យាងចូល៨៣ព្រះវស្សារបស់សម្តេចម៉ែព្រះមាតាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃចន្ទទី១៨ មិថុនា។

ក្នុងសារលិខិតថ្វាយព្រះពរនោះ លោកហ៊ុន សែនបានសរសេរថា ក្រុមគ្រួសាររបស់លោកទាំងមូលសូមថ្វាយជាឱឡារិកនូវកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅដល់ហ្លួងម៉ែជាទីគោរពសក្ការៈដែលទ្រង់តែងតែបំពេញព្រះរាជបូជនិយកិច្ច សន្សំបុណ្យកុសល ប្រោសព្រះរាជទានដល់ជនរួមជាតិរបស់ព្រះអង្គ ប្រកបដោយព្រះរាជហឫទ័យជ្រះថ្លា។

ជាងនេះទៅទៀត ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួន ក៏បានផ្ញើសារជូនពរព្រះអង្គឲ្យមានព្រះរាជសុខភាពល្អមាំមួននិងមានព្រះជន្មាយុយឺនយូរ ។

សម្តេចព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុ មានព្រះនាមដើម ប៉ូល មូ៉និក អ៊ីហ្ស៊ី( Paule Monique Izzi)ជាបុត្រីរបស់លោកស្រីប៉ុម ពាង និង លោកហ្យង់ ហ្វ្រង់ស័រ អ៊ីស្ស៊ី (Jean-Francois Izzi) ជនជាតិបារាំងដើមកំណើតអ៊ីតាលី។

ព្រះអង្គបានត្រូវជ្រើសរើសធ្វើជាអ្នកម្នាងរបស់ព្រះករុណាព្រះបាទនរោត្តម សីហនុ កាលពីឆ្នាំ ១៩៥២។

នៅឆ្នាំ១៩៩៦ ទ្រង់បានទទួលគោរមងារជាសម្តេចព្រះមហេសី នរោត្តម មុនីនាថ សីហនុ និងទទួលបរមងារជាសម្តេចព្រះរាជអគ្គមហេសី នៅខែតុលា ឆ្នាំ២០០៤។

ព្រះមហាក្សត្រីយានី និង ព្រះបាទនរោត្តម សីហនុ មានបុត្រចំនួនពីរព្រះអង្គ គឺ ព្រះករុណាព្រះបាទបរមនាថ នរោត្តមសីហមុនី និងស្តេចក្រុមឃុន នរោត្តមនរិន្ទ្រៈពង្ស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស