31 C
Phnom Penh

ទីភ្នាក់ងាររបស់អ.ស.ប.អះអាងថា ការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដាខាងនឹងមិនត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិអះអាងថា ការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដាខាងមុខនឹងធ្វើឡើងដោយមិនត្រឹមត្រូវ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែមិថុនា ម្សិលមិញបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតជាតិនៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។

សេចក្តីថ្លែងការណ៍រួមស្តីពីកម្ពុជារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស (Human Rights Council)នៃអង្គការសហប្រជាជាតិដែលបានចេញផ្សាយ ជាសាធារណៈកាលពីថ្ងៃអង្គារលើកឡើងថា ការបោះឆ្នោត នៅកម្ពុជាខាងមុខនេះមិនមែនជាការបោះឆ្នោតពិតប្រាកដនោះទេ ដោយសារការបោះឆោ្នតនោះធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សប្រឆាំង ដ៏ធំជាងគេចូលរួម។

សេចក្តីថ្លែងការណ៍នោះក៏មានការស្នើដល់រដ្ឋាភិបាលកម្ពុជាអោយ ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយទាំងអស់ជាបន្ទាន់ អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិចូលរួមការបោះឆ្នោតជាតិឡើងវិញ និងបើកសិទ្ធិនយោយបាយដល់មន្ត្រីគណបក្សប្រឆាំងទាំង១១៨រូប ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយ លុបចោលច្បាប់មួយចំនួនដែលមិនសមស្របនឹងច្បាប់អន្តរជាតិនិងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងបណ្តាញសារព័ត៌មានឯករាជ្យនិងក្រុមអង្គការសង្គមស៊ីវិល។

មន្រ្តីរដ្ឋាភិបាលកម្ពុជាតែងប្រកាសម្តងហើយម្តងទៀតថា កម្ពុជាមិនយកចិត្តទុកដាក់ចំពោះការទាមទារទាំងឡាយណាដែលមានចរិត រំលោភលើអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។

ប៉ុន្តែក្រុមប្រទេសមហាអំណាចមួយចំនួនដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបបានព្រមានរួចជាសេ្រចហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានោះឡើង ប្រសិនបើការ បោះឆ្នោតនោះធ្វើឡើងមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ ពិតប្រាកដ និងមិនស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស