បណ្តាញរស់គណបក្សសង្គ្រោះជាតិអាមេរិកប្រកាសធ្វើមហាបាតុកម្មចំថ្ងៃបោះឆ្នោតជាតិនៅកម្ពុជា បណ្តាញរបស់គណបក្សសង្គ្រោះជាតិក្នុងសហរដ្ឋអាមេរិកខ្លះបានប្រកាសយកថ្ងៃបោះឆ្នោតជាតិខាងមុខ ជាថ្ងៃធ្វើមហាបាតុកម្ម របស់ពួកគេដើម្បីប្រឆាំងទៅនឹងការបោះឆ្នោតដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិនៅអាមេរិក ឬហៅថា CNRP-A ដែលចេញផ្សាយកាលពីល្ងាចថ្ងៃ ទី១៨ ខែមិថុនា បញ្ជាក់ថាមហាបាតុកម្មនេះ គឺធ្វើដើម្បីប្រឆាំងដាច់ខាតចំពោះការរៀបចំការបោះឆ្នោតមួយ ដែលក្លែងក្លាយ ហើយទាមទារឲ្យសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិកុំទទួលស្គាល់លទ្ធផលពីការបោះឆ្នោតនេះ។
មហាបាតុកម្មនោះនឹងធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅខាងមុខវិមានរដ្ឋសភា និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រុមតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកទាំងពីរគណបក្សកាលពីពេល ថ្មីៗបានព្រមានម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងមិនអាច ទទួលយកបានឡើយចំពោះការបោះឆ្នោតដែលធ្វើឡើងបែប កំប្លុកកំប្លែងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យនោះ។
ជាងនេះទៅទៀត ពួកគេគំរាមថា ប្រសិនបើកម្ពុជាមិនគោរពលទ្ធិប្រជាធិបតេយ្យស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ នោះ សហរដ្ឋអាមេរិកនឹងមិនបន្តទំនាក់ទំនងខាងផ្នែកពាណិជ្្ជកម្មជាមួយរដ្ឋាភិបាលកម្ពុជាទៀតនោះឡើយ ហើយសហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើរបបមួយនេះ រហូតដល់មានដំណោះស្រាយសមរម្យដែលពលរដ្ឋខ្មែរទូទៅអាចទទួលយកបាន៕