តំណាងរាស្រ្តអូស្ត្រាលីឲ្យសមត្ថកិច្ចស៊ើបអង្កេតបណ្តាញគណបក្សប្រជាជនកម្ពុជាដែលគំរាមខ្មែរនៅប្រទេសនេះ តំណាងរាស្រ្តអូស្រ្តាលីពីគណបក្សពលករ លោកMark Butler កាលពីថ្ងៃពុធបានជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលី បើកការស៊ើបអង្កេតលើសមាគមខ្មែរទាំងឡាយណាដែលបង្កការគំរាមកំហែងពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលី។
លោកបន្តថា សមាគមខ្មែរនៅអូស្រ្តាលីមួយចំនួនបង្កើតឡើង ដើម្បីបម្រើនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបង្កការភ័យខ្លាចដល់សិទិ្ធសេរីភាពរបស់ពលរដ្ឋខ្មែរ ទាំងនៅកម្ពុជា និងនៅអូស្រ្តាលី។
លោកបន្តថា របបក្រុងភ្នំពេញកំពុងសាបព្រោះការភ័យខ្លាច នៅគ្រប់ទិសទី ដោយចាប់ផ្តើមពីស្រុកខ្មែរ ដូចជាការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា គាបសង្គត់បណ្តេញអង្គការសង្គមស៊ីវិលអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់អ្នកថតវីដេអូជនជាតិអូស្រ្តាលីដាក់ពន្ធនាគារថែមទៀត។
លោកMark Butlerអះអាងថា សហគមន៍ខ្មែរនៅទីក្រុងអាឌើឡែត បានត្អូញត្អែរប្រាប់លោកអំពីការភ័យខ្លាចរបស់ពួកគេ ជុំវិញការបង្កប់ភ្នាក់ងារសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា និងមនុស្សដែលជាបក្្ខពួករបស់លោក ហ៊ុន សែន នៅក្នុងប្រទេសអូស្រ្តាលី ដែលនាំឲ្យពលរដ្ឋខ្មែរជាច្រើននៅទីនោះកំពុងមានការព្រួយបារម្ភអំពីចលនារបស់សមាគមវប្បធម៌កម្ពុជា (Cambodian Cultural Association) ដែលទើបបានបង្កើតកាលពីដើមឆ្នាំ២០១៧។
សមាគមវប្បធម៌កម្ពុជាធ្លាប់បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍វត្តមានរបស់លោក ហ៊ុន សែន ដែលទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ស្របពេលដែលពលរដ្ឋខ្មែរ-អូស្រ្តាលីជាច្រើនបាននាំគ្នាធ្វើបាតុកម្ម ដុតទីងមោងរូបលោក ហ៊ុន សែននោះ៕