40.9 C
Phnom Penh

តុលាការកោះហៅលោក សម រង្ស៊ី ករណីប្រមាថព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកោះហៅលោក សម រង្ស៊ី ករណីប្រមាថព្រះមហាក្សត្រ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១២ ខែកក្កដាខាងមុខ ទាក់ទងនឹងករណីប្រមាថព្រះមហាក្សត្រ។

ការកោះហៅនេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានចេញបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្ដឹង លោក សម រង្ស៊ី ករណីប្រមាថព្រះមហាក្សត្រ។

លោក សម រង្ស៊ី បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា ព្រះរាជសារ របស់ព្រះមហាក្សត្រដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយ ដែលធ្វើឡើងក្រោមការសម្លុត និងគាបសង្កត់។

លោក សម រង្ស៊ី អះអាងថា ព្រះមហាក្សត្រសព្វថ្ងៃជាចំណាប់ខ្មាំង នៃនយោបាយរបស់លោក ហ៊ុន សែន ដែលបានបង្ខំឲ្យព្រះអង្គគាំទ្ររបបក្បត់ជាតិ។

លោកបន្តថា ព្រះរាជសាររបស់ព្រះមហាក្សត្រដែលអំពាវនាវ ឲ្យពលរដ្ឋទៅបោះឆ្នោតគឺជាលិខិតគ្មានតម្លៃ និងមិនអាចយកជាការបាននោះទេ។

លោក សម រង្ស៊ី អាចប្រឈមនឹងវិធានការច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដែលអាចជាប់ពន្ធធនាគារពី១ឆ្នាំ ដល់៥ឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។

រហូតមកទល់ពេលនេះរដ្ឋាភិបាលទីក្រុងភ្នំពេញបានចាប់ខ្លួនមនុស្សចំនួនបីនាក់ហើយពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមហ្វេសប៊ុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស