វីដេអូ

អង្គការឃ្លាំមើលអំពើពុករលួយនៅកម្ពុជាបដិសេធមិនចូលរួមឃ្លាំមើល ការបោះឆ្នោតនៅកម្ពុជា

By ឌឹ ខេមបូឌា ដេលី

June 21, 2018

អង្គការឃ្លាំមើលអំពើពុករលួយនៅកម្ពុជាបដិសេធមិនចូលរួមឃ្លាំមើល ការបោះឆ្នោតនៅកម្ពុជា អង្គការតម្លាភាពកម្ពុជាប្រកាសមិនដាក់អ្នកសង្កេតការណ៍ចូលរួមក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ខែកក្កដាខាងមុខនោះទេ។

សេចក្តីថ្លែងការណ៍របស់អង្គការតម្លាភាពកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា បញ្ជាក់ហេតុផលដែលអង្គការនេះមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតខាងមុខ ដោយសារបរិយាកាស និងលក្ខខណ្ឌនយោបាយរយៈពេលប៉ុន្មានខែ មុនការបោះឆ្នោតខាងមុខនេះ បានធ្វើឲ្យអង្គការមួយនេះពុំអាចប្រមូលបានធនធានគ្រប់គ្រាន់ ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនៅពេល ខាងមុខបានឡើយ។

កន្លងមកអង្គការមួយនេះធ្លាប់បានចូលរួមឃ្លាំមើលការបោះឆ្នោតចំនួន២លើកមកហើយ ទី១ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ ក្នុងគោល បំណងដើម្បីលើកកម្ពស់សុចរិតភាព និងតម្លាភាពក្នុងដំណើរការបោះឆ្នោត។

ក្នុងរយៈពេលចុងក្រោយនេះ គណបក្សនយោបាយមួយចំនួនកំពុងបារម្ភ អំពីបញ្ហាគ្មានអ្នកសង្កេតការណ៍បោះឆ្នោត ដោយសារ អង្គការសង្គមស៊ីវិលធំៗ ដែលឃ្លាំមើលការបោះឆ្នោត បានដកខ្លួនចេញពីការ សង្កេតការណ៍នេះ ហើយអង្គការខ្លះទៀតត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជាថែមទៀត៕