វីដេអូ

តុលាការខេត្តកំពង់ចាមកាត់ក្តីឲ្យពលរដ្ឋឈ្នះឧកញ៉ា និងនគរបាលករណីរំលោភដីធ្លី

By ឌឹ ខេមបូឌា ដេលី

June 22, 2018

តុលាការខេត្តកំពង់ចាមកាត់ក្តីឲ្យពលរដ្ឋឈ្នះឧកញ៉ា និងនគរបាលករណីរំលោភដីធ្លីប៉ុន្តែសង្គមស៊ីវិលនៅមិនទាន់ពេញចិត្ត សាលាដំបូងខេត្តកំពង់ចាមបាន កាត់ក្តីដោយកំបាំងមុខអោយក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងសហគមន៍ពាំងព្រីង ស្រុកដំបែរ ឈ្នះក្តីលើមន្រ្តីនគរបាល និងឧកញ៉ាម្នាក់ ហើយដកហូតផ្ទៃដីទំហំ៣៣៦ហិចតាទុកជាសម្បត្តិរដ្ឋវិញ។

សាលក្រមរបស់តុលាការខេត្តកំពង់ចាមដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ទើបទម្លាយជាសាធារណៈកាលពីថ្ងៃទី២១ ខែមិថុនា ដោយមន្រ្តីជាន់ខ្ពស់របស់សមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោកប៉ែន ប៊ុណ្ណារ៍ តាមរយៈគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។

តុលាការខេត្តកំពង់ចាមបានសំរេចផ្តន្ទាទោសឈ្មោះ ឆាយ ជ្រាយ និង ឈ្មោះ ផេង ប៉េងគី អោយជាប់គុករយៈពេលពីរឆ្នាំ តែត្រូវព្យួរទោសពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ។

កាលពីឆ្នាំ២០១៥ មន្រ្តីជាន់ខ្ពស់នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួមនិងប្រជាកសិករ ជាច្រើនរូបទៀត បានប្តឹងឧកញ៉ា ឆាយ ជ្រាយ លោក ផេង ប៉េងគី ជាអធិការរងនគរបាលស្រុកដំបែរ លោក លី ភាព មេបញ្ជាការសឹករងស្រុកដំបែរ និងមនុស្សមួយចំនួនទៀតពីបទកាប់រានឈូសឆាយដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈ។

លោក ប៉ែន ប៊ុណ្ណារ៍ ដែលជាដើមបណ្តឹងក្នុងសំណុំរឿងនេះ បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា លោករីករាយដែលបានឃើញការសំរេចរបស់ តុលាការខេត្តកំពង់ចាមនៅពេលនេះ ប៉ុន្តែលោកមិនទាន់អាចទទួលយកបានទាំងស្រុងទេ ចំពោះការវិនិច្ឆ័យក្តីនេះ ដោយសារ ទោសទណ្ឌក្នុងករណីនេះ គឺជាបទឧក្រិដ្ឋព្រហ្មទណ្ឌដែលត្រូវមានទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ប៉ុន្តែទោសរបស់ជនជាប់ចោទបែរជាត្រូវព្យួររយៈពេល២ឆ្នាំទៅវិញ។

ហើយផ្ទៃដីដែលក្រុមរបស់លោកបានប្តឹងនោះមានទំហំជាង៥ពាន់ហិចតា មិនមែនជាង៣រយ ហិចតានោះទេ៕