មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទទួលបានពានរង្វាន់សេរីភាពពីអង្គការនៅកូរ៉េខាងត្បូង អង្គការខាងផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកូរ៉េខាងត្បូងបានផ្តល់ពានរង្វាន់សន្តិភាព និងសិទ្ធិមនុស្សអាស៊ី ដល់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែមិថុនា។
អ្នកស្រី មូរ សុខហួរបានផ្ញើសារជាវីដេអូ លើគណនីហ្វេសប៊ុក របស់អ្នកស្រីថា ពានរង្វាន់នេះគឺជាជ័យលាភី និងជាកិត្តិយសចំពោះក្រុមអ្នកប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រីបន្តថា រង្វាន់នេះ មិនមែនជារបស់អ្នកស្រី និងលោក កឹម សុខានោះទេ ប៉ុន្តែវាគឺជារង្វាន់ សម្រាប់ពលរដ្ឋខ្មែរទូទៅ។
អ្នកស្រីចាត់ទុកថា រង្វាន់នេះគឺការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ប្រជាជាតិខ្មែរមួយដែលស្រេកឃ្លានលទ្ធិប្រជាធិបតេយ្យ និង ការផ្លាស់ប្តូរពិតប្រាកដ។
អ្នកស្រីអំពាវនាវឲ្យរួមគ្នាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរឲ្យបាន។
ក្រុមសិទ្ធិមនុស្សចាត់ទុកថា ការផ្តល់រង្វាន់នេះគឺផ្អែកលើសកម្មភាពការងាររបស់លោក កឹម សុខា ដែលបានអប់រំប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឲ្យយល់ដឹងអំពីសិទ្ធិ លទ្ធិប្រជាធិបតេយ្យ ការតស៊ូមតិដោយសន្តិវិធី និងអហិង្សា រហូតដល់លោកត្រូវបានរបបលោក ហ៊ុន សែន ចាប់ខ្លួន។
រហូតមកទល់ពេលនេះ មានរយៈពេលជាង៩ខែមកហើយ ដែលលោកកឹម សុខាស្ថិតក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែន ប្រទេសវៀតណាម៕