ក្រសួងសង្គមកិច្ចបានចុះ MOU ជាមួយអង្គការចំនួន៣ ដើម្បីជួយសង្រ្គោះកុមាររងគ្រោះនៅកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី២៥ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នាមួយជាមួយអង្គការចំនួន៣ ក្នុងគោលបំណងជួយសង្រ្គោះកុមាររងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ដើម្បីគេចឲ្យផុតពីការរំលោភបំពាន។
កិច្ចព្រមព្រៀងនេះបានផ្តោតសំខាន់លើការលើកកម្ពស់ការសិក្សា និងផ្តល់ការស្នាក់នៅឲ្យបានសមរម្យ នៅតាមតំបន់ដាច់ស្រយាល និងតាមទីជនបទមួយចំនួននៅកម្ពុជា។
អង្គការទាំង៣នោះ រួមមានអង្គការផ្ទះមីគី អង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា និងអង្គការមេត្តា បេសកកម្ម និងកិច្ចការសហគមន៍។
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានសម្តែងការសាទរ ចំពោះអង្គការទាំងបីនេះ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដើម្បីធ្វើសកម្មភាពជួយដល់កុមារនៅកម្ពុជា។
ក្រសួងសង្គមកិច្ចក៏បានជំរុញឲ្យមានកិច្ចសហការរួមគ្នា ដើម្បីជួយដល់ការអប់រំ ការសិក្សា និងអភិវឌ្ឍកុមារ ងាយរងគ្រោះនៅកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។
ទោះជាយ៉ាងណាក៏ដោយ កាលពីចុងឆ្នាំ២០១៧ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Simon Walker បានសុំឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមីពិនិត្យមើលករណីរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិកុមារ និងបញ្ហាជាច្រើនទៀត នៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្រៃស្ពឺ។
ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានភាពរំលោភសិទ្ធិកុមារ និងសិទ្ធិស្រ្តី ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាព្រៃស្ពឺ នៅមិនទាន់មានភាពធូរស្បើយនៅឡើយទេ៕