38.8 C
Phnom Penh

ពលរដ្ឋដែលរងគ្រោះដោយវិបត្តិដីធ្លីនាំគ្នាធ្វើបាតុកម្មជាថ្មីនៅមុខផ្ទះ អ្នកស្រី ស៊ុយ សុផាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋដែលរងគ្រោះដោយវិបត្តិដីធ្លីនាំគ្នាធ្វើបាតុកម្មជាថ្មីនៅមុខផ្ទះ អ្នកស្រី ស៊ុយ សុផាន អតីតពលរដ្ឋបុរីកីឡា និងអតីតពលរដ្ឋតំបន់បឹងកក់ កាលពីថ្ងៃទី២៦ ខែមិថុនា បានចេញមុខតវ៉ា សារជាថ្មីនៅមុខផ្ទះរបស់លោកស្រីស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច និងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីទាមទាររកដំណោះស្រាយដីធ្លីដ៏រ៉ាំរ៉ៃ។

ជាងនេះទៅទៀត ពួកគេក៏បាននាំគ្នាធ្វើពិធីដាក់បណ្តាសារនៅតំបន់បឹងកក់ បន្ទាប់ពីគ្មានដំណោះស្រាយជាច្រើនឆ្នាំមកនេះ។

ក្រុមប្រជាពលរដ្ឋប្រមាណ៣០នាក់ បានទៅស្រែកតវ៉ានៅមុខផ្ទះអ្នកស្រីស៊ុយ សុផាន រយៈពេលពីរម៉ោង ប៉ុន្តែគ្មានអ្នកណាម្នាក់ចេញមកទទួលញត្តិពីពួកគេនោះឡើយ។

ពលរដ្ឋបុរីកីឡាដែលនៅសេសសល់ជាង២០គ្រួសារទាមទារឲ្យដោះស្រាយសំណងផ្ទះសម្បែង ក្នុងតំលៃរាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនផាន អ៊ីម៉ិច បានឈូសកម្ទេចតាំងពីឆ្នាំ២០១២។

អតីតពលរដ្ឋបុរីកីឡា និងអតីតពលរដ្ឋបឹងកក់ អះអាងថា ពួកគាត់ នឹងមិនរាថយនោះទេ ទោះបីជាបរាជ័យជាច្រើនលើកក្តី ហើយថា ពួកគាត់នឹងបន្តការតវ៉ាទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទៀត ប្រសិនបើនៅតែគ្មានដំណោះស្រាយ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៣ ខែមិថុនា បានចេញលិខិតមួយច្បាប់ជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវប្រើប្រាស់យន្ដការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយតម្លាភាព សុចរិតភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស