41.3 C
Phnom Penh

សមត្ថកិច្ចបានបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំ នៅចំណុចព្រំដែន កម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចបានបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំ នៅចំណុចព្រំដែន កម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង កម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៦ ខែមិថុនា បានបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំ ដោយជនល្មើសជាជនជាតិខ្មែរចំនួនបីនាក់។

សមត្ថកិច្ចបានធ្វើការរឹបអូសគ្រឿងញៀនទម្ងន់១២០គីឡូក្រាមលាក់នៅក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយាដឹកជញ្ជូនអ្នកធ្វើដំណើរ។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា គ្រឿងញៀនទាំងនោះជាប្រភេទម៉ាទឹកកកចំនួន១២០គីឡូក្រាម ស្មើនឹង១២០ដុំ ដែលក្រុមជនល្មើសបានដឹកចេញពីប្រទេសឡាវ ចូលមកកាន់ប្រទេសកម្ពុជា តាមរយៈរថយន្តក្រុង។

មន្រ្តីប្រឆាំងការជួញដូរគ្រឿងញៀន បានបញ្ជាក់ថា នេះជាគ្រឿងញៀនប្រភេទម៉ាទឹកកក ដែលជាប្រភេទគ្រឿងញៀនដ៏គ្រោះថា្នក់ បំផុតសំរាប់សុខភាពអ្នកប្រើប្រាស់ និងសង្គម។

នគរបាលប៉ុស្តិ៍ត្រពាំងក្រៀល បានប្រគល់ក្រុមជនល្មើស និងគ្រឿងញៀនទាំងនេះឲ្យសមត្ថកិច្ចជំនាញខាងគ្រឿងញៀន ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់។

កាលពីដើមខែមិថុនា កន្លងទៅនេះ កម្លាំងជំនាញនៃអង្គភាពប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនជនជាតិថៃបីនាក់ដែលរត់ពន្ធថ្នាំញៀនប្រភេទមេតំហ្វេតាមីន ឆ្លងដែនចំនួន៦ពាន់គ្រាប់ចូលមកក្នុងប្រទេសកម្ពុជា។

របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញឲ្យដឹងថា ការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុង២០១៧កន្លងទៅនេះ គឺមានចំនួនជាង៨ពាន់ករណីដែលចំនួននេះ បានកើនឡើងជាង៩២% បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺមានចំនួនជាង៤ពាន់ករណីបុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស