សមាជិកព្រឹទ្ធសភាអូស្រ្តាលីមកពីគណបក្សហ្គ្រីន ប្រចាំរដ្ឋVictoria លោកRichard Di Nataleស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលីកុំទទួលស្គាល់ជាដាច់ខាតនូវការបោះឆ្នោតជាតិក្នុងប្រទេសកម្ពុជានៅចុងខែកក្កដាខាងមុខ ដោយសារតែការបោះឆ្នោតនៅទីនោះនឹងធ្វើឡើងដោយគ្មានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះឡើយ ខណៈរបបលោក ហ៊ុន សែន បានបំផ្លាញទាំងស្រុងនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ចាប់មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខាដាក់ពន្ធនាគារ ហាមឃាត់តំណាងរាស្រ្ត និងមន្រ្តីគណបក្សប្រឆាំងមិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងឃុំខ្លួនអ្នកទោសនយោបាយជាច្រើនរូប។
ការជំរុញរបស់សមាជិកព្រឹទ្ធសភាអូស្រ្តាលីរូបនេះធ្វើឡើង កាលពីថ្ងៃទី ២៥ ខែមិថុនា នៅក្នុងព្រឹទ្ធសភាប្រទេសនេះ។
លោកអះអាងថា សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា បានអវត្តមានពីគោលការណ៍សិទ្ធិមនុស្សបាត់ទៅហើយ ហើយរដ្ឋាភិបាលអូស្រ្តាលីត្រូវតែប្រកាសថា ការបោះឆ្នោតនៅពេលខាងមុខនេះគឺគ្រាន់តែជាការបោះបែបឆ្នោតបែបបោកប្រាស់ប៉ុណ្ណោះ។
ការបោះឆ្នោតនៅកម្ពុជានៅសល់តែពេល១ខែទៀតប៉ុណ្ណោះ ខណៈសហរដ្ឋអាមេរិកបានព្រមានរួចជាស្រេចទៅហើយថា កម្ពុជានឹងបាត់ បង់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក ប្រសិនបើកម្ពុជាមិនអនុវត្តលទ្ធិប្រជាធិបតេយ្យ ហើយធ្វើឲ្យស្ថានភាពនយោបាយរបស់ប្រទេសវិលមករកភាពប្រក្រតីវិញទេនោះ៕