លោក ហ៊ុន សែន អះអាងថា ការធ្វើចំណាកស្រុករបស់កម្មករទៅធ្វើការនៅក្រៅប្រទេសបានធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ លោក ហ៊ុន សែន អះអាងថា ការរកការងារឲ្យពលរដ្ឋចេញទៅធ្វើនៅក្រៅប្រទេសនេះគឺជាគោលនយោបាយ មួយដែលបានធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរ។
ប៉ុន្តែក្រុមឃ្លាំមើលខាងផ្នែកពលកម្មរបស់កម្មករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ អះអាងថា ការធ្វើចំណាកស្រុកចាកចោលផ្ទះសម្បែងនិងគ្រួសាររបស់ពលករខ្មែរទៅធ្វើការក្នុងប្រទេសថៃ មិនបានជួយអោយជីវភាពរបស់ពួកគេល្អប្រសើនោះឡើយ។
ក្រុមអង្គការឃ្លាំមើលខាងផ្នែកសិទ្ធិការងារអះអាងថា ពលរដ្ឋខ្មែរដែលទៅធ្វើការនៅក្រៅប្រទេសក្នុងនាមជាពលករនោះ ភាគច្រើនធ្វើការដោយប្រើប្រាស់កម្លាំងសុទ្ធសាធ ទទួលបានប្រាក់ខែទាប ហើយងាយរងគ្រោះ មិនដូចពលករនៃប្រទេសដទៃដែលមានជំនាញខ្ពស់ ហើយកាន់កិច្ចការសំខាន់ៗនិងបានទទួលប្រាក់ខែខ្ពស់នោះឡើយ។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) កាលពីចុងឆ្នាំ២០១៧ បង្ហាញថា ពលករខ្មែរចំណាកស្រុកប្រមាណ៨នាក់ក្នុងចំណោម១០នាក់ត្រូវបានរំលោភបំពានសិទ្ធិការងារ ហើយមនុស្សភាគច្រើនមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
របាយការណ៍ដដែលអោយដឹងទៀតថា យ៉ាងហោចណាស់មានពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេសមានចំនួនជាង១លាននាក់ដែលភាគច្រើនបំផុតកំពុងធ្វើការ នៅក្នុងប្រទេសថៃ៕