27 C
Phnom Penh

មន្រ្តីគណបក្សប្រឆាំងជំរុញឲ្យអ.ស.ប.ការពារសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរនៅកូរ៉េខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីរបស់គណបក្សប្រឆាំងជំរុញឲ្យអ.ស.ប.ការពារសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានស្នើឲ្យការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សចាត់វិធានការចំបាច់ដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីមន្រ្តីការទូតខ្មែរនៅទីនោះ។

លិខិតសុំអន្តរាគមន៍របស់អ្នកស្រី មូរ សុខហួរ ធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមិថុនា ដែលបានផ្ញើទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិខាងផ្នែកសេរីភាពបញ្ចេញមតិ លោកDavid Kaye បានចាត់ទុកទង្វើរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំក្នុងប្រទេសកូរ៉េខាងត្បូង គឺលោក ឡុង ឌីម៉ង់ ដែលបានគំរាមចាត់ការតាមផ្លូវច្បាប់ចំពោះពលករខ្មែរទាំងឡាយណាដែលហ៊ានចេញមុខ តវ៉ាអំពីការបោះឆ្នោតនៅកម្ពុជា។

កាលពីចុងសប្តាហ៍កន្លងទៅនេះ ពលរដ្ឋខ្មែររាប់ពាន់នាក់ដែលភាគច្រើនជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងបាននាំគ្នាធ្វើបាតុកម្មដង្ហែពេញទីក្រុងទាមទារឲ្យរដ្ឋាភិបាលកូរ៉េ និងរដ្ឋាភិបាលជប៉ុនកុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា និងបញ្ឈប់ការគាំទ្រមកលើដំណើការបោះឆ្នោតមួយដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបបោកប្រាស់។

អ្នកស្រីមូរ សុខហួរបានសរសេរនៅគណនីហ្វេសប៊ុករបស់អ្នកស្រី ថា សិទ្ធិរបស់ពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសដែលគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនគួរទទួលការគំរាមកំហែងមិនឲ្យ បញ្ចេញមតិដោយក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជានោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស