សមត្ថកិច្ចឃុំខ្លួនជនសង្ស័យ៥នាក់ពីបទជួញដូរជំនួញពរពោះជំនួស សាលាដំបូងរាជធានីភ្នំពេញបានសំរេចឃុំខ្លួនជនសង្ស័យចំនួន៥នាក់ ពីបទជួលស្រ្តីឲ្យពរពោះជំនួសគេ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញគឺលោក លី សុផាន់ណា ចុះផ្សាយថា ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ជួញដូរមនុស្សឆ្លងដែន និងបទជួញដូរជំនួញពរពោះជំនួស។
កាលពីថ្ងៃទី២១ ខែមិថុនា សមត្ថកិច្ចទីក្រុងភ្នំពេញបានចុះឆែកឆរផ្ទះវីឡាលេខ ២A និងលេខ៩A លើផ្លូវលេខ៣៤៨ ក្នុងបុរីវិមានភ្នំពេញ ហើយបានឃាត់ខ្លួនមនុស្សសរុបចំនួន៤៣នាក់។
សមត្ថកិច្ចអោយដឹងថា ក្នុងចំណោមស្រ្តីពរពោះជំនួសទាំងនោះ មានស្រី្តចំនួន៣៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញហើយអ្នកដែលមិនពាក់ព័ន្ធត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នារីរងគ្រោះម្នាក់ឲ្យដឹងថា នាងបានស៊ីឈ្នួលពរពោះជំនួសនេះ គឺដោយសារមានការសន្យាផ្តល់ប្រាក់កំរៃចំនួន១ម៉ឺនដុល្លារ។
កាលពីថ្ងៃទី ៣ ខែសីហា តុលាការរបបក្រុងភ្នំពេញ បានកាត់ទោស ស្ត្រីសញ្ជាតិអូស្ត្រាលីម្នាក់ឈ្មោះ Charles Tammy Alayne ឱ្យជាប់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់៤លានរៀលដោយសារស្ត្រីរូបនោះបានជួលស្រីខ្មែរ២នាក់ឱ្យពរពោះកូនជំនួសនិងបញ្ជូនក្មេងដែលកើតទៅឱ្យអតិថិជននៅក្រៅប្រទេស៕