វីដេអូ

ក្រសួងការពារជាតិនឹងប្រកាសផ្ទេរតំណែងមន្រ្តីយោធាជាន់ខ្ពស់ជូនលោក ហ៊ុន ម៉ាណែត និង លោក សៅ សុខា

By ឌឹ ខេមបូឌា ដេលី

July 01, 2018

ក្រសួងការពារជាតិនឹងប្រកាសផ្ទេរតំណែងមន្រ្តីយោធាជាន់ខ្ពស់ជូនលោក ហ៊ុន ម៉ាណែត និង លោក សៅ សុខា រដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ បាញ់ ប្រកាសផ្ទេរតំណែងយោធាសំខាន់ៗទៅកូនប្រុសរបស់លោក ហ៊ុន សែន និងមន្រ្តីជំនិតរបស់លោកនៅថ្ងៃសៅរ៍ទី៣០ខែមិថុនានេះ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ចុះផ្សាយកាលពីថ្ងៃសុក្រថានេះជា ការផ្ទេរតំណែងឲ្យលោក សៅ សុខា និង លោក ហ៊ុន ម៉ាណែត ខណៈលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានព្យួរឈ្មោះដើម្បីទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១នៅមណ្ឌលខេត្តព្រះសីហនុ។

រីឯលោក គន់ គីម ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ ហើយនឹងលោកមាស សុភា មេបញ្ជាការកងទ័ពជើងគោក បានសំរេចទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិនៅមណ្ឌលខេត្តព្រះវិហារ។

លោក ឈុំ សុជាតិ បន្តថា តួនាទីជាអគ្គមេបញ្ជាការស្ដីទីនៃកងយោធពលខេរភូមិន្ទ បានប្រគល់ជូនលោកសៅ សុខា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ចំណែកតំណែងពីរទៀតគឺនាយសេនាធិការចម្រុះស្ដីទី នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការស្ដីទីនៃការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕