តំណាងរាស្រ្តអាមេរិកថា កម្ពុជាជាប្រទេសសំខាន់ទាក់ទងនឹងប្រយោជន៍សំរាប់អាមេរិក ប្រធានគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់សភាសហរដ្ឋអាមេរិកគឺ លោកតំណាងរាស្រ្ត Ted Yoho ព្រមានថា ការសំលាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក។
លោកបន្តថា ដូចការស្មានទុក ប្រទេសចិនបានបោះពួយចូលប្រឡូក និងជំរុញឲ្យមានការរំលោភបំពានទាំងឡាយនៅកម្ពុជា ហើយចិនបានក្លាយជាអ្នកម្ចាស់ជំនួយដ៏ធំបំផុតដល់កម្ពុជា និងកំពុងកាងការក្រាញអំណាចរបស់លោក ហ៊ុន សែន។
លោកបន្តថា ជាការតបស្នងវិញ លោក ហ៊ុន សែន បានបង្វែរកម្ពុជាទៅជាឧបករណ៍មួយសំរាប់បំរើដល់គោលនយោបាយការបរទេសរបស់ចិនដែលជួយឱ្យចិនកាន់កាប់ដែនដីនៅក្នុងសមុទ្រចិនភាគខាងត្បូង។
សេចក្តីថ្លែងការណ៍របស់លោក Ted Yoho ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា អោយដឹងថា កម្ពុជាគឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ានដែល តែងធ្វើការសម្រេចចិត្តដោយឈរលើគោលការណ៍រួមគ្នា យោងតាមមតិជាឯកច្ឆន្ទ។
អាស៊ានគឺជាស្ថាប័នក្នុងតំបន់ដ៏សំខាន់បំផុត នៅពេលដែលមានការនិយាយអំពីសមុទ្រចិនខាងត្បូង ព្រោះសមាជិកអាស៊ានជាច្រើនគឺជាជនរងគ្រោះនៃការឈ្លានពានទឹកដីពីប្រទេសចិន។
លោក Ted Yohoអះអាងថា លោកធ្លាប់ឮព័ត៌មានថា មានមន្រ្តីកម្ពុជាបានកាន់របាយការណ៍រួមរបស់អាស៊ានទៅដល់បន្ទប់សណ្ឋាគាររបស់មន្រ្តីចិនដើម្បីសុំការអនុញ្ញាតជាមុនសិន មុននឹងសំរេចចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ានម្តងៗ។
លោក Ted Yoho បន្តថា អាស៊ានតែងតែនៅស្ងៀមស្ងាត់អំពីការធ្វើសមយុទ្ធយោធារបស់ចិននៅសមុទ្រចិនខាងត្បូង។
បញ្ហា នេះនាំឲ្យមានការខកចិត្តយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់អន្តរជាតិដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិនតាមដែនសមុទ្រ និងបានអនុញ្ញាតឱ្យចិនពង្រឹងកម្លាំងយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដោយគ្មានការជំទាស់ពីសំណាក់បណ្តាប្រទេសក្នុងតំបន់។
បើទោះបីដែនសមុទ្រចិនភាគខាងត្បូងស្ថិតនៅឆ្ងាយពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ Jim Mattis ធ្លាប់បានអះអាងថា តំបន់នោះជាគន្លឹះសំខាន់នៃការធ្វើពាណិជ្ជកម្មពិភពលោក។
ហើយសូម្បីសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាកូរ៉េ តៃវ៉ាន់ និងជប៉ុន សុទ្ធតែពឹងផ្អែកលើតំបន់នោះទាំងអស់សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ពួកគេ។
លោកបន្តថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យបណ្តាប្រទេសបាត់បង់ផលប្រយោជន៍ពីតំបន់នោះដោយគ្មានការជំទាស់ នោះឡើយ។
តំណាងរាស្រ្តអាមេរិករូបនេះអះអាងថា ក្រុមតំណាងរាស្រ្តអាមេរិកកំពុងធ្វើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ លេខ H.R.5754 ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើមន្ត្រីជាន់ខ្ពស់របស់ រដ្ឋាភិបាលកម្ពុជាដែលបានចូលដៃចូលជើងជាមួយលោក ហ៊ុន សែនសំលាប់លទ្ធិប្រជាធិបតេយ្យ។
លោក Ted Yohoសង្ឃឹមថា គណៈកម្មាធិការកិច្ចការបរទេសនឹងអនុម័តសេចក្តីព្រាងច្បាប់នេះ យ៉ាងឆាប់រហ័សតាមរយៈការប្រជុំសភាពេញអង្គ។
លោកបន្តថា នៅសល់តែរយៈពេលមិនដល់១ខែទៀតទេ កម្ពុជានឹងរៀបចំការបោះឆ្នោតហើយ ហើយសហរដ្ឋអាមេរិកមិនត្រូវទុកអោយលោក ហ៊ុន សែន នៅក្រាញអំណាចនោះឡើយ៕