លោកហ៊ុន សែន ប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ លោកហ៊ុន សែន ប្រតិកម្មទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchដែលរកឃើញថា ឧត្តមសេនីយ៍កំពូលៗក្នុងជួររដ្ឋាភិបាលរបស់លោកចំនួន១២ មានប្រវត្តិអាក្រក់ខាងការរំលោភសិទ្ធិមនុស្ស។
លោក ហ៊ុន សែន ថែមទាំងឌឺដងថា មេទាហានក្នុងរបបលោកមិនមែនមានត្រឹម១២នាក់ទេ ប៉ុន្តែមានជិត១២ម៉ឺននាក់ឯណោះ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយ។
លោក ហ៊ុន សែន អះអាងថា មេទាហានក្នុងរបបលោកមានជិត១២ម៉ឺននាក់ និងជំរុញឲ្យមានដាក់ទណ្ឌកម្មទាំងអស់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchកាលពីថ្ងៃទី២៨ មិថុនា បានចេញផ្សាយនូវរបាយការណ៍មួយស្ដីពីនាយឧត្ដមសេនីយ៍មានប្រវត្តិអាក្រក់ខាងការរំលោភសិទ្ធិមនុស្ស១២រូបរបស់កម្ពុជាដែលកំពុងធ្វើជាខ្នងបង្អែកនៃការក្តោបក្តាប់អំណាចរបស់លោក ហ៊ុន សែន។
អង្គការនេះ ជំរុញឲ្យបើកការស៊ើបអង្កេតលើឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំង១២រូបរបស់លោក ហ៊ុន សែន ដើម្បីយកពួកគេទៅកាត់ទោសតាមផ្លូវច្បាប់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ុន សែនគួរតែបើកការស៊ើបអង្កេតមន្រ្តីជាន់ខ្ពស់នៃរបបរបស់លោកដែលកំពុងរំលោភអំណាច ហើយកំពុងបំផ្លាញដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ជាជាងបដិសេធរបាយការណ៍របស់អង្គការអន្តរជាតិ៕