27 C
Phnom Penh

ពលករខ្មែរធ្វើការខុសច្បាប់កំពុងភ័យខ្លាចបញ្ជូនត្រឡប់ទៅកម្ពុជាវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករខ្មែរធ្វើការខុសច្បាប់កំពុងភ័យខ្លាចការចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ ពលករខ្មែរជាច្រើននាក់ដែលទៅធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់ កំពុងតែភ័យខ្លាចអាជ្ញាធរថៃ ចាប់បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ។

ការព្រួយបារម្ភនេះ គឺដោយសារដល់ថ្ងៃឱសានវាទដែលក្រសួងការងារថៃចាប់ផ្ដើមអនុវត្តច្បាប់លើពលករទាំងឡាយណាដែលធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ។

ជាងនេះទៅទៀត ពលករធ្វើការខុសច្បាប់នៅតំបន់ខ្លះ បានចាប់ផ្ដើមរត់គេចខ្លួន ពីកន្លែងធ្វើការ ដោយមិនហ៊ានប្រថុយធ្វើការដូចពេលមុនទៀតនោះឡើយ។

ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក កាលពីដើមសប្តាហ៍កន្លងទៅនេះ ក៏បានជូនដំណឹងដល់ពលករខ្មែរក្នុងប្រទេសថៃដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ទៅ អាជ្ញាធរថៃនឹងចាប់ផ្ដើមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេស ដោយមិនអនុញ្ញាតឲ្យពលករខុសច្បាប់បន្តធ្វើការក្នុងប្រទេសថៃទៀតនោះឡើយ ហើយថា ប្រសិនបើពលករណាដែលហ៊ានរឹងទទឹង ពួកគេអាចប្រឈមនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាងនេះទៅទៀត ស្ថានទូតខ្មែរ បានរៀបចំចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ដល់ពលករដែលមិនមានឯកសារធ្វើការនៅក្នុងប្រទេសថៃឲ្យពួកគេអាចធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ។

ស្ថានទូតក៏បានអំពាវនាវឲ្យពលករទាំងអស់ អនុវត្តតាមការជូនដំណឹងរបស់ស្ថានទូត ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើងនៅក្នុងកំឡុងពេលការអនុវត្តនេះ។

ក្រុមសិទ្ធិមនុស្សបានរិះគន់ថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជាមិនមែនជាដំណោះស្រាយល្អនោះទេ ពីព្រោះពលករអាចប្រឈមនឹងការទទួលទោសតាមច្បាប់របស់ថៃ នៅពេលណាពួកគេធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីស្វែងរកការងារធ្វើវិញនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស