សហព្រះរាជអាជ្ញាអន្តរជាតិថា ការកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែមគឺដើម្បីយុត្តិធម៌ សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមថា ការកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមបន្ថែមទៀត គឺជាប្រយោជន៍យុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមដែលចេញផ្សាយជាសាធារណៈឲ្យដឹងថា ការបញ្ជូនខ្លួន អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមលោក យឹម ទិត្យ ដែលជាជនត្រូវចោទក្នុងសំណុំរឿង០០៤ទៅជំនុំជម្រះ នឹងមិនប៉ះពាល់ដល់ការផ្សះផ្សារជាតិ ស្ថិរភាព សន្តិភាព ឬសន្តិសុខក្នុងប្រទេសកម្ពុជា នោះទេ។
សហព្រះរាជអាជ្ញាអន្តរជាតិរកឃើញថា លោក យឹម ទិត្យ គឺជាមេដឹកនាំជាន់ខ្ពស់ផង និងជាជនដែលទទួលខុសត្រូវខ្ពស់បំផុតផង ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងរបបខ្មែរក្រហម ដោយសារមុខងារ និងតួនាទីរបស់លោកគឺជាអ្នកមានអំណាចម្នាក់នៅភូមិភាគនីរតី ធ្លាប់កាន់តំណែងដំបូងជាអនុលេខាស្រុកគីរីវង្ស ក្រោយមកជាលេខាស្រុក និងបន្ទាប់មកទៀតជាអនុលេខាតំបន់១៣ ហើយចុងក្រោយជាលេខាតំបន់១៣។
លោក យឹម ទិត្យ ត្រួតត្រាស្រុក និងមន្ទីរសន្តិសុខជាច្រើន រួមទាំងមន្ទីរសន្តិសុខក្រាំងតាចាន់ និង ទីតាំងសម្លាប់មនុស្សជាច្រើនកន្លែងផ្សេងទៀត។
សហព្រះរាជអាជ្ញាអន្តរជាតិរកឃើញទៀតថា ប្រហែលជាក្នុងឆ្នាំ១៩៧៧ លោក យឹម ទិត្យ បានឡើងគ្រប់គ្រងអំណាចលើផ្នែកដ៏ធំ នៃភូមិភាគពាយ័ព្យ រួមមានតំបន់១ តំបន់២ តំបន់៣ តំបន់៤ និងតំបន់ ៧ ហើយចុងក្រោយលោកត្រូវបានតែងតាំងជាអនុលេខាភូមិភាគថែមទៀត៕