ពលការិនីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការ៤ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ត្រូវបានសង្រ្គោះមកកម្ពុជាវិញ ក្រសួងការងារកម្ពុជាបានធ្វើអន្តរាគមន៍ ជួយសង្គ្រោះពលការិនីម្នាក់ឈ្មោះ កែន ចន្ថា ដែលបានចាញ់បោកមេខ្យល់ ទៅធ្វើការខុសច្បាប់ នៅប្រទេសអារ៉ាប់ប៊ី សាអូឌីត (Saudi Arabia) អស់រយៈពេលជាង៤ឆ្នាំ ឲ្យបានវិលត្រឡប់មកដល់កម្ពុជាវិញហើយ។
ពលការិនីរូបនេះ កន្លងមកបានសរសេររៀបរាប់នូវទុក្ខលំបាករបស់នាងលើបណ្តាញសង្គមហ្វេសប៊ុក(Facebook) អំពីការចាញ់បោកមេខ្យល់ទៅបម្រើការងារតាមផ្ទះនៅប្រទេស អារ៉ាប់ប៊ីសាអូឌីត ហើយរងការកេងប្រវ័ញ្ញកម្លាំងពលកម្ម ការធ្វើទុក្ខបុកម្នេញពីថៅកែ និងការមិនផ្តល់ប្រាក់បៀវត្សឲ្យនាងជាដើម។
ក្រសួងការងាររបស់កម្ពុជាអោយដឹងថា ពលការិនីរងគ្រោះនេះមានឈ្មោះ កែន ចន្ថា មានទីលំនៅក្នុងភូមិវត្តបូព៌ខេត្តសៀមរាប។
នេះគឺជានារីរងគ្រោះទី៤ហើយ ដែលក្រសួងការងាររបស់កម្ពុជាបានជួយអន្តរាគមន៍ពួកគេឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ដោយសារតែ កម្ពុជាមិនទាន់មានស្ថានទូតជាមួយប្រទេសអារ៉ាប់ប៊ី សាអូឌីត នៅឡើយ ដែលនាំឲ្យការដោះស្រាយជួយពលករខ្មែរនៅប្រទេសនោះ មានការលំបាកយឺតយ៉ាវ៕