ក្រសួងសុខាភិបាលព្រមានពីការឆ្លងមេរោគផ្តាសាយធំ និងអំពាវនាវឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែកក្កដា បានក្រើនរំឭកអំពីការឆ្លងមេរោគផ្តាសាយធំដែលអាចនាំឲ្យប៉ះពាល់ដល់អាយុជីវិត ប្រសិនបើមិនការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃព្រហស្បតិ៍ថា ពេលថ្មីៗនេះ ប្រទេសជិតខាងរបស់កម្ពុជា មានការប្រកាសអំពីការរីករាលដាលជំងឺផ្តាសាយធំ H1N1 ឬ ហៅថា ផ្តាសាយជ្រូក ដែលបណ្តាលឲ្យមានមនុស្សឈឺ និងស្លាប់ជាច្រើនករណី។
លោកបន្តថា សម្រាប់កម្ពុជាវិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏ទទួលបានរបាយការណ៍អំពីការកើនឡើងនៃជំងឺផ្តាសាយធំ ដែលក្នុងនោះ ក៏បានឃើញអំពីចំនួនវិជ្ជមាននៃមេរោគផ្តាសាយ H1N1 ផងដែរ តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ តែពុំទាន់រកឃើញករណីធ្ងន់ធ្ងរនៅឡើយទេ។
ទោះជាយ៉ាងណាក៏ ដោយ លោក អំពាវនាវឲ្យពលរដ្ឋនាំគ្នាចូលរួមប្រុងប្រយ័ត្នបង្ការការឆ្លងជំងឺផ្តាសាយធំប្រភេទនេះ។
លោក លី សុវណ្ណ បានពន្យល់ថា ជំងឺផ្តាយសាយធំអាចវិវត្តទៅជំងឺធ្ងន់ធ្ងររួមសម្រាប់ក្រុមអ្នកជំងឺមានដូចជា កុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់លើសពី៦៥ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺរ៉ាំរ៉ៃ។
អ្នកនាំពាក្យរូបនេះបានណែនាំថា ការបង្ការជំងឺផ្តាសាយធំរួមមាន៖ ឧស្សាហ៍លាងដៃនឹងសាប៊ូ និងទឹក លាងដៃនឹងអាល់កុល នៅឆ្ងាយពីអ្នកជំងឺផ្តាសាយលើសពី១ម៉ែត្រ ឲ្យអ្នកជំងឺផ្តាសាយពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូនិងទឹកដែរ។
ដោយឡែក រោគសញ្ញាជំងឺផ្តាសាយធំរួមមាន៖ គ្រុនក្តៅលើសពី៣៨ អង្សាសេ និងមានអការៈក្អក ឬឈឺក និងករណីខ្លះអាចវិវត្តទៅជាហត់។ លោកបន្តថា ការព្យាបាលគឺប្រើថ្នាំបញ្ចុះកំដៅផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ ហើយការប្រើថ្នាំផ្សះសម្លាប់មេរោគនេះគ្មានប្រសិទ្ធិភាពទេ ថែមទាំងធ្វើឲ្យសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង៕