លោក ហ៊ុន សែន អំពាវនាវឲ្យកម្មករចូលរួមទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀនក្នុងរោងចក្រ លោក ហ៊ុន សែន កាលពីថ្ងៃ ទី៥ ខែកក្កដា បានអំពាវនាវឱ្យកម្មករកម្មការិនីនៅរោងចក្រទូទាំងប្រទេសចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ដែលកំពុងកើតមានច្រើននៅតាមរោងចក្រនានា។
លោក ហ៊ុន សែន អះអាងថា អត្រាអ្នកកើតជំងឺអេដស៍នៅកម្ពុជាមានការកើនឡើង ដែលលោកចាត់ទុកថា ជាគ្រោះមហន្តរាយសម្រាប់កម្ពុជា។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខកម្មករជាងពីរម៉ឺននាក់ នៅខេត្តកណ្តាល។
លោក ហ៊ុន សែន ក៏បានស្នើឲ្យក្រុមកម្មករចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយអំពីការអប់រំប្រើប្រាស់គ្រឿងញៀននៅតាមរោងចក្រផងដែរ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១៧ អ្នកកើតជំងឺអេដស៍នៅកម្ពុជាមានសរុបចំនួនជិត៦ម៉ឺននាក់។
ជាងនេះទៅទៀត ទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ UNAIDS ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ អត្រាអ្នកឆ្លងមេរោគអេដស៍នៅកម្ពុជា ក្នុងចំណោមមនុស្សពេញវ័យ និងកុមារ មានចំនួនជាង៧ម៉ឺននាក់៕