31 C
Phnom Penh

លោក ហ៊ុន សែន បានហាមមិនឲ្យលោក Brad Adams ចូលប្រទេសកម្ពុជាទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានហាមមិនឲ្យលោក Brad Adams ចូលប្រទេសកម្ពុជាទៀតឡើយ លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកក្កដា បានព្រមានមិនអនុញ្ញាតឲ្យលោកBrad Adams នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ចូលប្រទេសកម្ពុជាទៀតនោះឡើយ។

លោក ហ៊ុន សែន អះអាងថា គ្មានបរទេសណាអាចមកបញ្ជា លើ ឬបន្ទោសលើមន្រ្តីយោធា មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថបានឡើយ។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញផ្សាយកាលពីថ្ងៃទី២៧កក្កដា បង្ហាញថា កម្ពុជាកំពុងតែដឹកនាំតាមបែបយោធាផ្តាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែឧត្ដមសេនីយ៍កំពូលៗចំនួន១២នាក់ មានបាតដៃទុច្ចរិតខាងការរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយបានធ្វើជាខ្នងបង្អែកដល់របបលោក ហ៊ុន សែន ។

អង្គការនេះក៏បានជំរុញ ឲ្យមានការស៊ើបអង្កេតមនុស្សទាំង១២រូបនេះដើម្បីយកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅ ក្រសួងមហាផ្ទៃបានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះថា ជារបាយការណ៍ដែលមានចរិតឆ្កួតលីលា និងមានឧបាយកលទុច្ចរិតក្នុងចេតនាបង្កឲ្យមានចលាចល ភាពវឹកវរ និងបំផ្លាញសន្តិភាពនិងស្ថិរភាពរបស់ប្រទេស។

មន្រ្តីកងកម្លាំងប្រដាប់អាវុធរបស់លោក ហ៊ុន សែន តែងរងការរិះគន់ខ្លាំងខាងការរំលោភសិទ្ធិមនុស្ស និងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

កាលពីថ្ងៃទី១២ ខែមិថុនា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន មុនគេ ដោយសារមន្រ្តីរូបនេះបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស