តុលាការកំពូលគ្រោងប្រកាសសាលដីការសំណុំរឿងសកម្មជនមាតាធម្មជាតិនៅសប្តាហ៍ក្រោយ តុលាការកំពូលរបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី៦ ខែកក្កដាម្សិលមិញនេះ បានលើកពេលប្រកាសសាលដីការសំណុំរឿងអតីតសកម្មជនមាតាធម្មជាតិចំនួន៣រូប ទៅថ្ងៃសុក្រសប្តាហ៍ក្រោយ ក្រោយពីបញ្ចប់សវនាការជំនុំជម្រះនៅថ្ងៃទី៦ ខែកក្កដាទៅនេះ។
សកម្មជនបរិស្ថាន៣ រូប រួមមានលោក សាន់ ម៉ាឡា លោកទ្រី សុវិគា និង លោកស៊ឹម សំណាង ត្រូវបានតុលាការខេត្តកោះកុង ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន១០០ លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារ ពីបទចោទ «គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដោយភ្ជាប់នូវបញ្ជាអ្វីមួយ»បន្ទាប់ពីពួកគេនាំគ្នាចុះឃាត់សកម្មភាពបូមខ្សាច់អានាធិបតេយ្យរបស់ក្រុមហ៊ុនមួយចំនួននៅ ក្នុងខេត្តកោះកុង។
លោក សំ ចំរើន មេធាវីការពារក្តីឱ្យអតីតសកម្មជនមាតាធម្មជាតិទាំង ៣រូប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានស្នើសុំឱ្យចៅក្រមជំនុំជម្រះនៃតុលាការកំពូលសម្រេចឱ្យកូនក្តីរបស់លោកបានរួចខ្លួនពីបទចោទប្រកាន់ក្នុងសំណុំរឿងនេះ ខណៈមហាអយ្យការបានស្នើឱ្យចៅក្រមជំនុំជម្រះទទួលយកសេចក្តីសម្រេចរបស់សាលាដំបូងខេត្ត កោះកុងទុកជាបានការដដែល។
លោករំពឹងថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក ដោយសារសកម្មភាពរបស់ពួកគេធ្វើឡើងដើម្បីប្រយោជន៍សាធារណៈតែប៉ុណ្ណោះ៕