វីដេអូ

អតីតប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោកបានទទួលភស្តុតាងមួយចំនួនពីក្រុមហ៊ុន Chevron

By ឌឹ ខេមបូឌា ដេលី

July 11, 2018

អតីតប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោកបានទទួលភស្តុតាងមួយចំនួនពីក្រុមហ៊ុន Chevron លោក សម រង្ស៊ីប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែកក្កដា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកបានទទួលភស្តុតាងជាច្រើនពីក្រុមហ៊ុនប្រេងឥន្ធនៈChevron របស់អាមេរិកាំង ក្រោយពីលោកបានប្តឹង តាមរយៈតុលាការសហព័ន្ធនៅសហរដ្ឋអាមេរិកទាមទារឲ្យក្រុមហ៊ុនមួយនេះផ្តល់ឯកសារជារូបភាព ជាវីដេអូនិងភស្តុតាងនានាក្នុងព្រឹត្តិការណ៍ឃាតកម្មទៅលើលោកបណ្ឌិត កែម ឡីក្នុងហាងស្តាម៉ាតនៃស្ថានីយ៍ចាក់សាំងកាល់តិច ក្បែរភ្លើងស្តុបបូកគោ កណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦។

ប្រធានចលនាសង្គ្រោះជាតិដែលត្រូវបានរបបលោក ហ៊ុន សែន ហាមមិនឲ្យចូលប្រទេសរូបនេះអះអាងថា វីដេអូភស្តុតាងដែលលោក ទទួលបាននោះបានបង្ហាញអ្វីដែលពលរដ្ឋខ្មែរមិនបានដឹង និងមិនទាន់បានឃើញ ហើយលោកកំពុងការពារបុគ្គលិកដែលធ្វើការនៅក្នុង ហាងស្តាម៉ាត ដោយសារពួកគេបានឃើញមុខឃាតកពិត ហើយថែមទាំងបានថតរូបឃាតករូបនោះទៀតផង។

លោកសម រង្ស៊ីអះអាងថា ក្រុមហ៊ុនប្រេងឥន្ធនៈChevron បានហាមថា លោកមិនទាន់អាចចែកចាយព័ត៌មាននេះជាសាធារណៈនៅឡើយទេ ពីព្រោះពួកគេព្រួយបារម្ភថា ប៉ូលិសនៃរបបលោក ហ៊ុន សែន អាចតាមធ្វើបាបសាក្សីដែលនៅរស់ ហើយលោកនឹងទុកភស្តុតាងទាំងអស់នេះឲ្យទៅប៉ូលិសអន្តរជាតិជាអ្នកធ្វើការស៊ើបអង្កេតបន្ត។

ជាងនេះទៅទៀត លោកសម រង្ស៊ី ជំរុញឲ្យតុលាការអន្តរជាតិចូលរួមធ្វើការស៊ើបអង្កេត ករណីឃាតកម្មខ្នាតធំដែលលោកចាត់ទុកថា របបលោកហ៊ុន សែន ជាអ្នកនៅពីក្រោយនោះដើម្បីរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ និងក្រុមគ្រួសារ៕