វីដេអូ

កម្មកររោងចក្រស្បែកជើងនៅ ខេត្តតាកែវ ជាង៣រយនាក់បានបន្ដដួលសន្លប់

By ឌឹ ខេមបូឌា ដេលី

July 11, 2018

កម្មកររោងចក្រស្បែកជើងនៅ ខេត្តតាកែវ ជាង៣រយនាក់បានបន្ដដួលសន្លប់ កម្មកររោងចក្រផលិតស្បែកជើងឈ្មោះPONTUS FOOTWEAR LTD) ក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែ ជាង៣០០នាក់បានបន្ដដួលសន្លប់ជាបន្តបន្ទាប់ជាលើកទីពីរ។

អាជ្ញាធរខេត្តតាកែវ ឲ្យដឹងកាលពីថ្ងៃទី១០ខែកក្កដាថា កម្មករដែលរងគ្រោះ ដួលសន្លប់នោះមានចំនួន៣៤៣នាក់ ដែលមានអាការៈស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីសមត្ថកិច្ចខេត្តតាកែវថា មូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នោះ គឺដោយសារកម្មការិនីម្នាក់បានគាបដៃ ជាមួយម៉ាស៊ីដេរ ហើយបានស្រែកបន្លឺឡើង ស្រាប់តែកម្មករផ្សេងទៀតឃើញភ័យរន្ធត់បណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់។

ក្រុមសហជីពឲ្យដឹងថា ករណីកម្មករដួលសន្លប់តគ្នា នៅពេលភ័យតក់ស្លុតនេះគឺដោយសារសុខភាពពួកគេទន់ខ្សោយខ្លាំង ហើយថា ការដួលសន្លប់នោះ ដោយសារតែកម្មករធ្វើការប្រឈមនឹងជាតិគីមីក្នុងក្រណាត់ ហើយបរិយាកាសក្នុងរោងចក្រអាចគ្មានស្ដង់ដារតាមច្បាប់កំណត់ ឬមកពីពួកគាត់មិនមានលទ្ធភាពទិញអាហារមានជីវជាតិគ្រប់គ្រាន់ដើម្បីបរិភោគដោយសារប្រាក់ខែតិចតួចពេកឬមិនបានសម្រាកគ្រប់គ្រាន់ ដោយសារតែបន្ទប់ជួលមួយ ត្រូវស្នាក់នៅគ្នាច្រើន៕