ការនាំចេញអង្ករទៅក្រៅប្រទេស៦ខែដើមឆ្នាំ២០១៨ធ្លាក់ចុះ៥,៩ភាគរយ ក្រសួងកសិកម្មបានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាចេញទៅលក់នៅក្រៅប្រទេសក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨មានការធ្លាក់ចុះជិត ៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ចេញផ្សាយកាលពីថ្ងៃទី ១០ ខែកក្កដា បានបង្ហាញថាការនាំអង្ករចេញរយៈពេល ៦ខែ ដើមឆ្នាំ ២០១៨ មានចំនួនជាង២៧ម៉ឺនតោនតិចជាងចំនួននាំចេញរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៧ ដែលកាលណោះមានចំនួនជាង១សែន៧ម៉ឺនតោន។
របាយការណ៍ដដែលឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសចំនួន៥៦ដែលទទួលទិញអង្ករពីកម្ពុជា ក្នុងនោះប្រទេសចិនបានកាត់បន្ថយការទិញអង្ករពីកម្ពុជាយ៉ាងច្រើន គឺកាត់បន្ថយពីជាង១ម៉ឺនតោន កាលពីខែឧសភា មកនៅត្រឹមជាង ប្រាំរយតោននៅខែមិថុនា ឆ្នាំ២០១៨នេះ។
ដោយឡែកសហភាពអ៊ឺរ៉ុប និងប្រទេសជាសមាជិកអាស៊ាននៅបន្តទិញអង្ករពីកម្ពុជាក្នុងបរិមាណដូចមុន។
កាលពីឆ្នាំ២០១៧កន្លងទៅកម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសសរុបប្រមាណ៦សែន៣ម៉ឺនតោន។
ចំនួននេះមានការកើនឡើងជាង៩ម៉ឺនតោនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦៕