បក្សប្រឆាំងព្រួយបារម្ភអំពីក្រុមចោរព័ត៌មានវិទ្យាដែលធ្វើការឲ្យរដ្ឋាភិបាលចិនកំពុងលួចព័ត៌មានពីក្រុមបក្សប្រឆាំង និងក្រុមសិទ្ធិមនុស្ស គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១២ខែកក្កដា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមចោរព័ត៌មានវិទ្យាដែលអាចធ្វើការឲ្យ រដ្ឋាភិបាលចិនកំពុងលួចយកព័ត៌មានសំងាត់ពីរដ្ឋាភិបាល ក្រុមបក្សប្រឆាំងអ្នកការពារសិទ្ធិមនុស្សនិងប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ឈ្មោះ FireEye បានរកឃើញថាក្រុមចោរព័ត៌មានវិទ្យាឬហេកគ័រ(Hacker)អាចមានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន ក្នុងការបញ្ជារឲ្យលុកលុយចូលស្ថាប័នជាច្រើនរបស់កម្ពុជាដែលធ្វើការងារពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត។
របាយការណ៍ស្រាវជ្រាវរបស់បច្ចេកវិទ្យា Internet សហរដ្ឋអាមេរិករកឃើញថាក្រុមចោរបច្ចេកវិទ្យាមួយក្រុមឈ្មោះ TEMP.Periscope បានបើកការវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិមន្ត្រីការពារសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានដើម្បីស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន។
គណបក្សសង្រ្គោះជាតិជំរុញឲ្យរបបលោកហ៊ុន សែនចាត់វិធានការ ស៊ើបអង្កេតដោយមានអ្នកជំនាញខាងបច្ចេកវិទ្យាInternet អន្តរជាតិឯករាជ្យមួយចូលរួមជាបន្ទាន់ដើម្បីការពារអធិបតេយ្យជាតិ សន្តិសុខជាតិនិងស្ថេរភាពសង្គម៕