វីដេអូ

អ្នកជំនាញប្រឆាំងអំពើលាងលុយនៅអូស្រ្តាលីថា លោក គង់ វិបុល មានក្រុមហ៊ុនតំលៃរាប់លានដុល្លារនៅអូស្ត្រាលី

By ឌឹ ខេមបូឌា ដេលី

July 13, 2018

អ្នកជំនាញប្រឆាំងអំពើលាងលុយនៅអូស្រ្តាលីថា លោក គង់ វិបុល មានក្រុមហ៊ុនតំលៃរាប់លានដុល្លារនៅអូស្ត្រាលី អង្គការប្រឆាំងការលាងលុយទុច្ចរិតនៅក្នុងប្រទេសអូស្រ្តាលីបានរក ឃើញថា លោក គង់ វិបុល ដែលជាប្រធាននាយកដ្ឋានពន្ធដារនៃរបប លោកហ៊ុន សែនមានប្រាក់ខែតិចជាង១ពាន់ដុល្លារ ក្នុង១ខែ កំពុងមានក្រុមហ៊ុនមួយចំនួនក្នុងទីក្រុងMelbourne ប្រទេសអូស្រ្តាលី ក្នុងតំលៃរាប់លានដុល្លារសហរដ្ឋអាមេរិក។

ទូរទស្សន៍បរទេសAljazeeraបានដកស្រង់សម្តីលោក ម៉ាក វើនហ្ស៉ាក់ ដែលជាអ្នកជំនាញខាងការប្រឆាំងការលាងលុយកទុច្ចរិតក្នុងប្រទេសអូស្រ្តាលី ចុះផ្សាយថា ក្រុមរបស់លោកកំពុងធ្វើការស៊ើបអង្កេតលោក គង់ វិបុល ដែលមានលុយរាប់លានដុល្លារ កំពុងផ្ទេរចុះឡើងមកកាន់ ក្រុមហ៊ុនរបស់លោកក្នុងប្រទេសអូស្រ្តាលី ហើយក្នុងនោះលោក គង់ វិបុលមានក្រុមហ៊ុនមួយដែលដាក់ឈ្មោះថា ផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY) ដែលបង្កើតឡើងកាលពីឆ្នាំ២០១១។

បណ្តាញទូរទស្សន៍Aljazeeraបានចុះផ្សាយថា លោក គង់ វិបុលមាន ឈ្មោះជានាយកក្រុមហ៊ុន ផាណារិទ្ធិ ភីធីវ៉ាយ(Phanhariddh PTY) ហើយដែលតាមច្បាប់របស់ប្រទេសអូស្រ្តាលី នាយកក្រុមហ៊ុនតម្រូវឲ្យរស់នៅជា អចិន្រ្តៃក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែលោក គង់ វិបុល បានធ្វើការជាមួយ រដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។

ប៉ុន្តែលោក គង់ វិបុល បានបដិសេធយ៉ាងញ័រមាត់ថា ក្រុមហ៊ុននោះគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោកទៀតនោះទេ ក្រោយពីលោកបានលក់ក្រុមហ៊ុននោះទៅឲ្យមនុស្សផ្សេងទៀតជាយូរមកហើយ។

ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក វើនហ្សាក់ អះអាងថា ទិន្នន័យ ពាណិជ្ជកម្មរបស់ប្រទេសអូស្រ្តាលីជាទិន្នន័យពិតប្រាកដដែលបញ្ជាក់ ថា លោកគង់ វិបុលជានាយកក្រុមហ៊ុនPhanhariddh PTY ដែលជាអ្នកទទួលប្រយោជន៍ពីក្រុមហ៊ុននេះពិតប្រាកដ។

ទោះជាយ៉ាងណាក៏ដោយ សមាគមពាណិជ្ជកម្មរបស់ប្រទេសអូស្រ្តាលី ក៏បានរកឃើញថា ចាប់តាំងពីឆ្នាំ២០០៦មក លោកគង់ វិបុលបានបង្កើតក្រុមហ៊ុនវិនិយោគទុនចំនួនពីរក្នុងប្រទេសអូស្រ្តាលី ដែលក្រុមហ៊ុនទាំងនោះមានឈ្មោះថា មហាលាភសម្បត្តិ ភីធីវ៉ាយ និង សម្បត្តិ ឃេ អេល អ៊ិនវេសស្ម៊ែន ភីធីវ៉ា ជាមួយប្តីប្រពន្ធខ្មែរ-អូស្រ្តាលីមួយគូ ដែល ក្រោយមកពួកគេត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារពីបទបោកប្រាស់ និងកេងបន្លំពន្ធដារ របស់ប្រទេសនេះចំនួនជាង១, ៨លាន ដុល្លារអូស្រ្តាលី និងពីបទសង្ស័យថា បាន លាង លុយនិងលាក់លុយទុច្ចរិតចំនួនជាង១៥លាន ដុល្លារអូស្រ្តាលីថែមទៀត។

ប៉ុន្តែការរកឃើញនេះត្រូវបានលោកគង់ វិបុលបដិសេធ។

ទោះជាបីជាមានការបដិសេធពីលោកគង់ វិបុលក៏ដោយ ក៏ឯកសារ របស់តុលាការអូស្រ្តាលីបង្ហាញថា លោកគង់ វិបុលផ្ទេរលុយប្រហែល១,២លាន ដុល្លារអូស្រ្តាលីមកកាន់ក្រុមហ៊ុនវិនិយោគដែលពួកគេ បានបង្កើតឡើងនេះ។

ប៉ុន្តែលោកគង់ វិបុលអះអាងថា លោកមិនបាន ចាំអំពីបញ្ហានេះទេ ឬមួយមានអ្នកដទៃយកឈ្មោះលោកទៅប្រើប្រាស់។

នៅក្នុងប្រទេសកម្ពុជាវិញ លោកគង់ វិបុលដែលមានតួនាទីជា ប្រធាននាយកដ្ឋានពន្ធដាររបស់របបលោកហ៊ុន សែនបានបង្កើន ការរឹតត្បិតខ្លាំងដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលតែងចុះផ្សាយពីភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា ដូចជាកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរីជាដើម នូវចំនួនពន្ធដារដ៏ច្រើនសន្ធឹកសន្ធាប់។

ប៉ុន្តែគ្រួសាររបស់លោកគង់ វិបុលដែលកំពុងគ្រប់គ្រងក្រុមហ៊ុនប្រេង ឥន្ធនៈដ៏ធំនៅកម្ពុជាឈ្មោះ ប្រាយ វីកថូរី មេគង្គ ភេត្រូលៀម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៨នោះ បានចុះបញ្ជីនៅនាយកដ្ឋានពន្ធដារ ដំណាលគ្នាជាមួយកាសែត The Cambodia Daily ដែរ គឺនៅថ្ងៃទី២២ ខែមិនាឆ្នាំ២០១៧។

ប៉ុន្តែលោកគង់ វិបុលបានបន្តបដិសេធ ថែមទៀត។

លោកបន្តថា ក្រុមហ៊ុននោះបានចុះបញ្ជីជាយូរមកហើយ ហើយបុគ្គលិកខាងការបញ្ជីអាចមិនបានកែប្រែថ្ងៃចុះបញ្ជីនោះ៕